(ភ្នំពេញ)៖ នៅទីបំផុត ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ប្រការទាំង១០ គឺប្រការ ២ ប្រការ ៧ ប្រការ ៨ ប្រការ ២៩ ប្រការ ៣៩ ប្រការ ៤២ ប្រការ ៥៧ ប្រការ ៦០ ប្រការ ៧២ និងប្រការ ៨៤ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានស្នើឲ្យពិនិត្យធម្មនុញ្ញភាព ស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់លកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា ដែលស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្ម ប្រការទាំង១០។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា «ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆ័នដោយចំនួន ០៩ សំឡេង នៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូលថា វិសោធនកម្ម ប្រការ ២ ប្រការ ៧ ប្រការ ៨ ប្រការ ២៩ ប្រការ ៣៩ ប្រការ ៤២ ប្រការ ៥៧ ប្រការ ៦០ ប្រការ ៧២ និងប្រការ ៨៤ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្របនឹងរដ្ឋធម្មនុញ្ញ»។

សូមជម្រាបថា លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា បានស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ ក្រោយការស្នើនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការជាបន្តបន្ទាប់ ដោយមានបើកកិច្ចប្រជុំពេញអង្គផង និងអញ្ជើញតំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី នៃសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា មកបំភ្លឺលើវិសោធនកម្ម ប្រការទាំង១០ ផងដែរ៕