(ភ្នំពេញ)៖ លោក ឃ្លាំង​​ ហួត អភិបាលរងរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ រាជធានីភ្នំពេញ​ សហការជាមួយអាជ្ញាធរ ខណ្ឌជ្រោយចង្វារ​ និងសង្កាត់កោះដាច់​ ចុះត្រួតពិនិត្យករណីចាក់ដីចូលទន្លេ​ស្ថាបនាច្រាំងខុសច្បាប់​ ដោយបំពានទៅលើដីច្រាំងទន្លេមេគង្គ​ ដែលជាដីសាធារណៈរបស់រដ្ឋ​ស្ថិតនៅក្នុងភូមិរនះ​ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​។

ករណីការស្ថាបនាច្រាំង​ខុសច្បាប់ខាងលើនេះ​ មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ រាជធានីភ្នំពេញ​ បានបញ្ជាក់​ថា​ បន្ទាប់ពីបានធ្វើការវាស់វែងផ្ទៀងផ្ទាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខៈភព ៧៣៧២៧​ឃើញថា ដីកម្មសិទ្ធិមានទំហំ ៨៣៣៨​ម៉ែត្រក្រឡា​ ហើយការកាន់កាប់របស់ឈ្មោះ​ ឡាន​ ពីវិន​ លើសពីដីក្នុងប័ណ្ណទំហំ ១២៦៥២​ម៉ែត្រក្រឡា​ និងបានចាក់ដីចូលជ្រៅទៅក្នុងទន្លេទំហំ ១១២៤៦ម៉ែត្រក្រឡា។

សូមបញ្ជាក់ថា ការចាក់ដីចូលទន្លេស្ថាបនាច្រាំងខុសច្បាប់ខាងលើនេះ ម្ចាស់ដីទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ​ តែមិនបានសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញ។

នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានណែនាំដូចខាងក្រោម៖

*តម្រូវឱ្យម្ចាស់ដីដែលបានចាក់ដីចូលទន្លេ សាងសង់ច្រាំង ត្រូវបញ្ឈប់ជាបន្ទាន់​ បើពុំនោះទេ​ នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត
*ណែនាំឱ្យម្ចាស់ដីគ្រប់គ្រង​ និងស្នើសុំសាងសង់​អ្វីមួយតែលើដីកម្មសិទ្ធិរបស់ខ្លួនដែលមានទំហំ​ ៨៣៣៨.៥២ម៉ែត្រក្រឡា
*ចំណែកដីទំហំ​ ១២៦៥២​ ម៉ែត្រក្រឡា​ដែលជាដីច្រាំង​ដុះ​ និងដីដែលបានចាក់ដីចូលជ្រៅទៅទន្លេខុសច្បាប់ទំហំ​ ១១២៤៦ម៉ែត្រក្រឡា​ ត្រូវទុកជាសម្បត្តិរដ្ឋ​ ដើម្បីបម្រើជាប្រយោជន៍សាធារណៈ​ ករណីជនទាំងឡាយណាចង់ ប្រើប្រាស់ដីនេះ​ លុះត្រាតែស្នើសុំទៅរាជរដ្ឋាភិបាល។

អាជ្ញាធររាជធានីភ្នំពេញ ធ្វើការវាស់វែងព្រំដីឡើងវិញ ដោយកំណត់យកព្រំដីចាស់ ដោយមិនអនុញ្ញាតឲ្យម្ចាស់ដី ធ្វើការចាក់ដីរំលោភបំពានចូលច្រាំងទន្លេទៀតនោះទេ។

លោក ឃ្លាំង ហួត បានថ្លែងថា ចំពោះដីច្រាំងទន្លេ ដែលនៅសល់លោកនឹងរាយការណ៍ជូនទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យ នឹងធ្វើការស្នើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីដាក់ដីដែលនៅសល់ ទៅជាកំពង់ផែសម្រាប់ភ្ញៀវទេសចរណ៍ចូលមកទស្សនានៅតំបន់កោះដាច់ផងដែរ៕