(ភ្នំពេញ)៖ នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទេសចិន បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត របស់កម្ពុជា និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។
ជាមួយគ្នានេះដែរភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាពផងដែរ។
នេះបេីតាមការបញ្ជាក់របស់លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសរបស់ភាគីចិននេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោលទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងធំៗចំនួន៣ ជម្រាបទៅដល់គណៈប្រតិភូ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ដែលក្នុងនោះមានដូចជា៖ (១)គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC (២)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd និង (៣) គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។
ជាការឆ្លើយតប លោក ZHANG Zhiqing បានជម្រាបថា ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ដោយឡែកចំពោះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ។
សូមជម្រាបជូនដែរថាទំនួលខុសត្រូវចម្បង របស់នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសគឺ ផ្តល់ជូននូវយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់ៗ។ លើសពីនេះនាយកដ្ឋានក៏ផ្តល់នូវការណែនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគម្រោងធំៗ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម និងការផលិតធនធានថាមពលផងដែរ៕