(ព្រះសីហនុ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្រោយបានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ បុរសជនជាតិចិនម្នាក់ដែលកំពុងជិះម៉ូតូកង់បី នៅមុខអាហារដ្ឋាន សំពៅមាស ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍ដដែលនេះ បានឱ្យដឹងដូចនេះថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០៖ ២០នាទី រំលងអាធ្រាត្រ នៅតាមបណ្តោយផ្លូវ ២៨មិថុនា មុខអាហារដ្ឋាន សំពៅមាស ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស គ្មានផ្លាកលេខ បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ បុរសជនជាតិចិនម្នាក់ដែលកំពុងជិះម៉ូតូកង់បី រួចគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៥៖៣០នាទី ថ្ងៃដដែល ទើបឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ នៅចំណុចភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕