(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែមដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តឱ្យបានម៉ត់ចត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែម៉ឹងម៉ាត។

ការណែនាំបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ពីលទ្ធផល​នៃ​ការគ្រប់គ្រងដឹកនាំកិច្ចការរដ្ឋបាល និងការអភិវឌ្ឍលើគ្រប់វិស័យ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ​ខេត្តបន្ទាយមានជ័យនាឆ្នាំ២០២២ កន្លងមក ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា ស្នាដៃ និងលទ្ធផលរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបាននោះ គឺពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធិភាព និងទាន់ពេលវេលានូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ១៩ ព្រមជាមួយការដាក់ចេញនូវវិធានការនានា ដើម្បីស្តារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ១៩ គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកលធ្វើឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើនប្រមាណ ៥.២ភាគរយ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅខេត្តបន្ទាយមានជ័យ ដែលបានសហការចូលរួមថែរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានាបាននូវសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយក៏ទទួលបានការកោតសរសើរដល់សមត្ថកិច្ចគ្រប់ថ្នាក់ដែលបានចូលរួមថែរក្សាបាននូវសុខសន្ដិភាព សណ្តាប់ធ្នាប់បានល្អប្រសើរ។

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានខាងលើនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានកត់សម្គាល់នូវបញ្ហាប្រឈម ដែលនៅសេសសលរួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀតមាន៖ ការអនុវត្តឱ្យបានម៉ត់ចត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ល។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ នៅក្នុងឆ្នាំ២០២៣នេះ ជាពិសេសធានាឱ្យបាននូវការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ និតិកាលទី០៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ និងត្រូវបន្តរួមគ្នាសាងអំពើល្អ និងបន្តរួមគ្នាដោះស្រាយនូវសេវាសាធារណៈឱ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋ កៀគរវិនិយោគទុន ការពារធនធានធម្មជាតិ ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមតំបន់ព្រំដែន៕