(តាកែវ)៖ អាជ្ញាធរស្រុកបាទី ខេត្តតាកែវ រួមជាមួយមន្ដ្រីជំនាញធនធានទឹក បានចេញមកបញ្ជាក់អំពីស្ថានភាពដីនៅតំបន់អាងទឹកស្វាយខម ស្ថិតក្នុងឃុំដូង ឃុំចំបី និងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ក្រោយពីថ្មីៗនេះ មានប្រជាពលរដ្ឋបានធ្វើការតវ៉ាទៅតាមក្រសួង-ស្ថាប័ននានា រួមទាំងមកធ្វើការតវ៉ានៅមុខក្រសួងធនធានទឹក និងឧតុនិយម ដោយទាមទារឲ្យក្រសួងអន្ដរាគមន៍ផ្ដល់កម្មសិទ្ធិដីធ្លីជូនពួកគាត់ ក្រោយពីអាស្រ័យផលនៅតំបន់នោះជាច្រើនឆ្នាំមកហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យធ្វើអនុបយោគជាសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីអាងទឹកស្វាយខម ដែលមានទំហំ ៦៤១ហិកតា និង៤៦អា ស្ថិតនៅឃុំដូង ឃុំចំប៉ី និងឃុំពារាម ស្រុកបាទី ខេត្តតាកែវ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន ធីភីម៉ូរ៉ាល់ ឯ.ក ជាថ្នូរនឹងការជីកស្តារ និងរៀបចំអាងទឹកស្វយខម លើផ្ទៃដីទំហំ ១៥៤ហិកតា និង៩៣អា។

ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្តី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក៏បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) កាត់ផ្ទៃអាងទឹកស្វាយខមទំហំ ១៥៤ហិកតា និង៩៣អា ដែលមានជម្រៅ ១០ម៉ែត្រ និងត្រូវរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ។

តាមរយៈអនុក្រឹត្យ និង ស.ជ.ណ គឺតម្រូវឱ្យក្រុមហ៊ុនធីភីម៉ូរ៉ាល់ ឯ.ក ធ្វើការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅអាស្រ័យផល ជាក់ស្តែងទៅតាមស្ថានភាព និងទីតាំងជាក់ស្ដែង ដោយត្រូវសម្របសម្រួលតាមការជាក់ស្តែងចៀសវាងទំនាស់។

ក្រោយពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ធ្វើអនុប្រយោងជាសម្បត្ដិឯកជនរបស់រដ្ឋ និងផ្ដល់ជាកម្មសិទ្ធិជូនក្រុមហ៊ុនរួចមក, អាជ្ញាធរខេត្ដ អាជ្ញាធរស្រុក បានបង្កើតគណៈកម្មាការចុះដោះស្រាយវាស់វែងជូនប្រជាពលរដ្ឋ ដែលរហូតមក ដល់ពេលនេះប្រជាពលរដ្ឋជាង ៩០ភាគរយ បានទទួលយកការសម្រេចរបស់គណៈកម្មការ ហើយនៅសល់មិនដល់១០ភាគរយទៀតនោះទេ ធ្វើការតវ៉ាដែលដឹកនាំមនុស្សមួយចំនួន និងត្រូវបានគេដឹងថា ជាឈ្មួញរកដីធ្លីនៅតំបន់នោះ។

យោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានស្រុកបាទី បានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែមីនា ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ឃុំ ចុះជួបតំណាងប្រជាពលរដ្ឋដែលមានដីអាស្រ័យផលតាំងពីឆ្នាំ ១៩៨៣ មក ក្នុងអាងទឹកស្វាយខម ដើម្បីស្វែងយល់អំពីបំណងរបស់ប្រជាពលរដ្ឋដែលប្ដឹង និងសុំការបំភ្លឺលើការរឹបអូសដីកាន់កាប់អាស្រ័យផលជាង ៣០ឆ្នាំ នៅក្នុងតំបន់ទំនប់អាងទឹកស្វាយខម។

តាមការបញ្ជាក់ពីលោកមេឃុំពារាម ដែលជាមេឃុំតាំងពីឆ្នាំ ១៩៨៣ មក បានជម្រាបជូនថា ទីតាំងដីដែលប្រជាពលរដ្ឋតវ៉ានេះ គឺស្ថិតនៅក្នុងអាងទឹកស្វាយខម ពុំអាចចេញប្លង់ឱ្យបាននោះទេ។ បន្ថែមពីលើនេះ លោកមេឃុំក៏បានបញ្ជាក់ផងដែរថា តាំងពីសម័យលោក ច័ន្ទ សារុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបប្រជាពលរដ្ឋថា ដីនេះស្ថិតនៅក្នុងអាងទឹក មិនអាចចេញប្លង់ជូនបានទេ អាចត្រឹមតែអាស្រ័យផលបានរហូត។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ក៏បានបញ្ជាក់ផងដែរថា ទីតាំងដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល និងស្នើសុំនេះ គឺពិតជាស្ថិតនៅក្នុងអាងទឹកស្វាយខម ពិតប្រាកដមែន ដែលរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធមិនអាចចេញប្លង់កម្មសិទ្ធិជូនពួកគាត់បានទេ។

កន្លងមកក្នុងអំឡុងឆ្នាំ ២០២០ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួម បានជម្រាបជូនថា រដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់បានរៀបចំដោះស្រាយជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនេះផងដែរ តែដោយដីដែលពួកគាត់ស្នើសុំចេញប័ណ្ណកម្មសិទ្ធិកាន់កាប់នេះ ស្ថិតក្នុងអាងទឹក ជាមូលហេតុមិនអាចផ្តល់ជាកម្មសិទ្ធិជូនពួកគាត់បាន។

យោងតាមឯកសារគតិយុត្ត (អនុក្រឹត្យ និងសេចក្តីជូនដំណឹង) ខាងលើ តំបន់ផ្ទៃដីអាងទឹកស្វាយខម ត្រូវបានធ្វើអនុបយោគជាសម្បត្តិឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន ធីភីម៉ូរ៉ាល់ ឯ.ក លើផ្ទៃដីទំហំ ៦៤១ហិកតា និង៤៦អា និងផ្ទៃដីទំហំ ១៥៤ហិកតា និង ៩៣អា ត្រូវរក្សាទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ ក្នុងដែនសមត្ថកិច្ចខេត្តតាកែវ។ ការចេញប័ណ្ណកម្មសិទ្ធិឬ មិនចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋក្នុងតំបន់អាងទឹកស្វាយខម គឺមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយមទេ។

ដោយឡែក លោក ភួន ឈីម អភិបាលស្រុកបាទី ខេត្តតាកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះថា ប្រជាពលរដ្ឋដែលទៅទាមទារតវ៉ារឿងដីធ្លីក្នុងអាងទឹក បើផ្អែកទៅតាមច្បាប់ គឺស្រុកបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានរួចរាល់ជាស្ថាពរ១០០ភាគរយ ហើយដីដែលមិនធ្លាក់ប័ណ្ណជាដីដែលមានវិវាទ (ដីដែលស្ថិតនៅក្នុងដីសាធារណៈរបស់រដ្ឋដូចជា៖ បឹង បួរ ផ្លូវ ថ្នល់ ទន្លេ)។

លោកអភិបាលស្រុក បានបន្តទៀតថា កន្លងទៅក្រុមការងាររដ្ឋបាលស្រុក និងខេត្ត បានរួមគ្នាបង្កើតក្រុមការងារដើម្បីចុះស្រង់ទិន្នន័យដី ដែលបងប្អូនអាស្រ័យផលនោះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទៅចង្អុលព្រំដី ថាតើគាត់អស្រ័យផលដីមានទំហំប៉ុន្មាន ដើម្បីឱ្យក្រុមការងារបានគូសឡើងផែនទី ដើម្បីផ្សព្វផ្សាយថាគាត់អាស្រ័យផលដីទំហំប៉ុន្មាន?។

លោក ភួន ឈីម បានថ្លែងទៀតថា «ពាក់ព័ន្ធបងប្អូនដែលទៅតវ៉ាដល់ក្រសួងថា អាជ្ញាធរស្រុកមិនបានដោះស្រាយ គឺជាការផុតដែនសមត្ថកិច្ចរបស់ស្រុក ពីព្រោះការកាត់ឆ្វៀលដីរដ្ឋ គឺស្រុកអត់មានសិទ្ធិក្នុងការកាត់ឆ្វៀលទេ គឺមានតែ រាជរដ្ឋាភិបាល ដែលអាចធ្វើកិច្ចការងារនេះបាន ហើយក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្កើតក្រុមការងារមួយដើម្បីសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ លោកមិនឯកភាពចេះ តែប្រឹងតវ៉ារហូតទៅ»៕