(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវតាមបង្ក្រាបក្រុមជនសង្ស័យ១ក្រុម ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពលរដ្ឋនៅតាមដងផ្លូវបានសម្រេចចំនួន៦នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើង ក្នុងបន្ទប់ខុនដូលេខ១០០៤ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង ៤៖៥០នាទីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងចំណោមនោះមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone XS Max នៅផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ មីនា ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយជនសង្ស័យឆក់បានសម្រេចបានយកទៅលក់បាន៧០$ រួចគេចខ្លួនទៅសង្ងំដេកក្នុងខុនដូរ បានជិត៥ម៉ោង កម្លាំងនគរបាលជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍ ចោមចៅទី១ ក្រោមការបញ្ជារពីលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕