(ព្រះសីហនុ)៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានជួបជាមួយគ្រួសារប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តទទួលយកគោលការណ៍ដោះស្រាយដីឡូត៍ ទំហំ ៥ម×២០ម ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រោមសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្រោយការលើកឡើងរបស់ក្រុមការងារខេត្ត និងមតិយោបល់របស់ប្រជាពលរដ្ឋ អង្គប្រជុំបានសម្រេចឱ្យប្រជាពលរដ្ឋឯកភាពរុះរើផ្ទះ និងរបង ព្រមទាំងឯកភាពជូនក្រុមការងារខេត្ត ដើម្បីប្រើប្រាស់គ្រឿងចក្រក្នុងការឈូសឆាយ រៀបចំដីឡូត៍ក្នុងបរិវេណដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០២០៣០១-០០២៩ ដោយស្ម័គ្រចិត្ត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបែងចែកដីឡូត៍នៅលើទីតាំងដីដែលប្រជាពលរដ្ឋបានកាន់កាប់កន្លងមក។

ចំពោះទីតាំងដី ផ្ទះសម្បែង របងថ្មនៅក្នុងបរិវេណដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០២០៣០១-០០៣០ ប្រជាពលរដ្ឋឯកភាពរុះរើដោយខ្លួនឯង។ ក្នុងករណីនៅសេសសល់សំណង់រឹង មាំផ្សេងៗលើទីតាំងដែលបានកាន់កាប់កន្លងមក ប្រជាពលរដ្ឋយល់ព្រមជូនក្រុមកាងាររដ្ឋបាលខេត្តធ្វើរៀបរយឈូសឆាយដោយពុំមានការជំទាស់ទេ។

ក្រោមការជួបប្រជុំរួចមកបងប្អូនប្រជាពលរដ្ឋទាំងអស់បានសម្ដែងការសាទរ និងថ្លែងអំណរគុណលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងាររដ្ឋបាលខេត្តផងដែរ៕