(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣២នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9) មូលហេតុដោយសារក្រុមការងាររបស់ក្រុមហ៊ុន SINOHYDRO CORPORATION LIMITED ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (២)ឃុំក្រាំងម្កាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការដោះខ្នែងបំបែកខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្ត ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ១៩៖០០នាទីយប់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕