(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យមានការរៀបចំឲ្យបានហ្មត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសឲ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ពេលអញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា​ បានឲ្យដឹងដែរថា ឥឡូវនេះ ផែនការនេះកំពុងតែសាកល្បង ១០ឃុំ នៅស្រុកជើងព្រៃ នៃខេត្តកំពង់ចាម។ រាជរដ្ឋាភិបាល នឹងចាត់បញ្ជូន ហើយជ្រើសរើសឲ្យបានត្រឹមត្រូវ គឺបើសិនជានិស្សិតកសិកម្ម ឬអ្នកជំនាញកសិកម្មទៅឃុំណា ទៅខេត្តណាដែលជាខេត្តរបស់គេស្រាប់ កាន់តែងាយស្រួល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវរៀបចំឲ្យបានហ្មត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេស ឲ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះគឺជាគោលនយោបាយដែលគណបក្សប្រជាជន បានអនុម័តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្មជូនប្រជាជននៅតាមជនបទ សម្រាប់អាណត្តិថ្មីក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយ បញ្ហាប្រឈមបានទាន់ពេលវេលាជូនកសិករ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានីខេត្ត ត្រូវមើលការខុសត្រូវទៅលើអ្នកបច្ចេកទេសកសិកម្ម ដែលត្រូវបានបញ្ជូនទៅ ឲ្យដូចការគិតគូរលើគ្រូបង្រៀនដែរ៕