(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ចំពោះការបន្សាបនូវព័ត៌មានក្លែងក្លាយ អ្នកសារព័ត៌មានត្រូវរកប្រភពពិត ឬរកប្រភពគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មាននោះ ដើម្បីបកស្រាយ និងត្រូវពិនិត្យមើលផ្ទៀតផ្ទាត់ឱ្យបានម៉ត់ចត់ មុននឹងផ្សាយព័ត៌មានអ្វីមួយ។

ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រោមប្រធានបទ៖ «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌ មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល» នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

លោក ខៀវ កាញារីទ្ធ បានបន្តថា «ព័ត៌មានក្លែងក្លាយមានន័យច្រើន ព្រោះខ្លះជាព័ត៌មានដែលគេបំភ្លៃ និងព័ត៌មានខ្លះមិនបំភ្លៃទេ ប៉ុន្តែគេពង្រីកពីតូច ឱ្យទៅជាធំ ដែលបញ្ហានេះ សំខាន់គឺអ្នកសារព័ត៌មាន ជាអ្នកត្រូវលុបបំបាត់នូវព័ត៌មានក្លែងក្លាយនេះ»

លោករដ្ឋមន្ត្រីបានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ អាចនឹងកើតមានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បង្កការប៉ះពាល់ដល់ការបោះឆ្នោត ដែលបញ្ហានេះក៏សូមអំពាវនាវ ដល់សារព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយបន្សាប ឆ្លើយតបឱ្យបានទាន់ពេលវេលា។

លោក ខៀវ កាញារីទ្ធ ក៏បានដាស់តឿនបន្ថែម ទៅដល់សារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត «មិនបំពានអ្នកដទៃ កុំបំភ្លៃការពិត» ហើយកម្ពុជាមានសិទ្ធិដកនូវអាជ្ញាធរបណ្ណសារព័ត៌មាននៅកម្ពុជា ដែលផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង៥០ ដែលនៅប្រទេសគេមានសមា គមសារព័ត៌មាន១ ឬ ២ប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយ និងព័ត៌មានក្លែងក្លាយ។

លោកបានលើកឡើងថា មានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត។ នៅពេលផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានចាក់វ៉ាក់សាំងមុនមដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនឹងអាចធ្វើឱ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ បើព័ត៌មានក្លែងក្លាយនោះមានចរិតនយោបាយ ញុះញង់ បំបែក បំបាក់ថែមទៀតនោះនឹងកាន់តែប្រឈមនឹងហានិភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន៕