(ស្ទឹងត្រែង)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារ តាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនយ៉ាង គឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២ អនុវត្តការងារជាក្រុម ទី៣ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤ មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការជំរុញរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះបានចាត់ទុកវិស័យសេដ្ឋកិច្ច ក៏ជាវិស័យជាអាទិភាពមួយដ៏សំខាន់ ក្នុងការជួយកសាង ការអភិវឌ្ឍន៍ រីកចំរើនរបស់ប្រទេសជាតិ។

លោកបន្តថា ជាក់ស្តែងនៅក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ គឺសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ច អភិវឌ្ឍជាតិប្រកបដោយនិរន្តភាព។

ឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ចំពោះសមិទ្ធិផលអគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញនៃវិវត្តផ្លាស់ប្តូរកន្លែងទីកន្លែងធ្វើការកាន់តែសមរម្យសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ កាន់តែល្អប្រសើរឡើងថែមទៀត ទោះកាលទេសនៃការរៀលត្បាតជំងីកូវីដ ១៩ ក៏ដោយ។

លោក ចាន់ សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ សាខាគយនិង​រដ្ឋាករ​ខេត្តស្ទឹងត្រែង​ប្រមូល​ចំណូល​​​សរុបបានចំនួន ៨ ៣៦៨ ៩០៨ ២០០រៀល គិតជាភាគរយប្រមាណ ៩៣.៦១% នៃផែនការដែលអគ្គនាយកដ្ឋាន​គយ ​និងរដ្ឋាករ​​កម្ពុជា​​​បានដាក់ឲ្យអនុវត្ត ៨ ៩៤០លានរៀលក្នុងឆ្នាំ២០២២។

ចំណូលនៅក្នុងដើមឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង ប្រមូលចំណូលបានចំនួន ៨៣៧ ៨២៤ ៥០០រៀល គិតជាភាគរយប្រមាណ ៧៩.៧៩% នៃផែនការដែលអគ្គនាយកដ្ឋាន​គយ ​និងរដ្ឋាករ​​កម្ពុជា​​​បានដាក់ឲ្យអនុវត្ត ១,០៥០លានរៀល​ក្នុងឆ្នាំ២០២៣នេះ។ មុខទំនិញសំខាន់ៗ ដែក គ្រឿងឧបភោគបរិភោគ (កាហ្វេ) ទំនិញចំរុះ និងយានយន្តមានស្រាប់ក្នុងប្រទេស៕