(ភ្នំពេញ)៖ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត វីន ហេនដឺសាន់ បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោករដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពដែលរកបានយ៉ាងលំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកក៏បានជម្រាបជូនផងដែរ នូវមុខទំនិញសក្តានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

លោករដ្ឋមន្ត្រី ហេនដឺសាន់ បានកោតសរសើរចំពោះកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបានថែរក្សា។ លោករដ្ឋមន្ត្រី បានឯកភាពចំពោះគន្លឹះនៃការអភិវឌ្ឍគឺសន្តិភាពនិងស្ថិរភាព និងបញ្ហាប្រឈមនានាដែលរដ្ឋតូចៗជួបប្រទះ ក្នុងបរិបទការប្រកួតប្រជែងរវាងមហាអំណាច។

ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីស្វែងរកសក្ដានុពលនានាក្នុងវិស័យមួយចំនួនដែលមានផលប្រយោជន៍រួមដូចជា៖ ពាណិជ្ជកម្មនិងការវិនិយោគ កសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទេសចរណ៍ធម្មជាតិ និងបដិសណ្ឋារកិច្ច ជាដើម។ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ អំពីលទ្ធភាពនៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគី ជាពិសេស ប្រព័ន្ធអង្គការសហប្រជាជាតិ។

បន្ទាប់ពីកិច្ចពិភាក្សាលោក អ៊ុច បូរិទ្ធ និងលោកបណ្ឌិត វីន ហេនដឺសាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេស កុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត វីន ហេនដឺសាន់ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោករដ្ឋមន្ត្រីការបរទេសនាពេលនេះ ជាការចាប់ផ្តើមដ៏ល្អមួយ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត អស់រយៈពេល១៣ឆ្នាំកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ ដែលនឹងបើកផ្លូវឱ្យមានកិច្ចសន្ទនាបន្ថែមទៀត ព្រមទាំងបានលើកឡើងពីវិស័យសំខាន់ៗមួយចំនួននៃកិច្ចសហប្រតិបត្តិការសក្តានុពល រួមមាន៖ វិស័យកសិកម្ម នេសាទ និងទេសចរណ៍ ដែលប្រទេសទាំងពីរអាចផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងគ្នា។

ដោយស្ញប់ស្ញែងពីភាពរីកចម្រើនរបស់កម្ពុជា លោកបណ្ឌិត វីន ហេនដឺសាន់ បានកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ចំពោះភាពសាមញ្ញ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា សម្តេចតេជោ មានបទពិសោធន៍ជាច្រើន ដើម្បីចែករំលែកទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រីការបរទេស បានយល់ស្របចំពោះទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យខាងលើ និងត្រៀមខ្លួនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានស្ម័គ្រចិត្តធ្វើជាច្រកទំនាក់ទំនងសម្រាប់កម្ពុជា ទៅកាន់ប្រទេសផ្សេងទៀត នៅតំបន់ការាបៀន។

សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត វីន ហេនដឺសាន់ បានយល់ស្រប ចំពោះទស្សនៈថា រដ្ឋតូចៗផ្តល់សារសំខាន់យ៉ាងខ្លាំងចំពោះប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់ និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេស នៅអង្គការសហប្រជាជាតិ៕