(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះ ចុះជួយរៀបចំ និងជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពី២ថ្ងៃមុន ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការងារនេះធ្វើឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

គ្រោះខ្យល់កន្ត្រាក់បានកើតឡើងនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតធ្ងន់ និងស្រាលចំនួន២០០ខ្នង ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក។

មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ក៏បាននាំយកស័ង្កសីដែលជាអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី សម្រាប់ជួសជុសផ្ទះជូនប្រជាពលរដ្ឋប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះផងដែរ។

សូមបញ្ជាក់ថា កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាថ្នាក់លើ ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករលួចឆ្លងដែនចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដេនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៣ ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាក
ដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ ដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ៕