(ព្រៃវែង)៖ លោកស្បោង សារ៉ាត ប្រធានគណបក្សខេត្តព្រៃវែងនិងលោក ជា សុមេធី ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាល ជូនដល់សកម្មជនយុវជនជាវាគ្មិនគណបក្ស និងសកម្មជនយុវជនជាក្រុមការងារគ្រប់គ្រងបណ្តាញព័ត៌ មានសង្គមក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែងចំនួន៥២៩នាក់។

លោកសួន សុម៉ាលីន អនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្តបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលដល់សកម្មជនយុវជនជាវាគ្មិនគណបក្ស និងសកម្មជនយុវជនជាក្រុមការងារគ្រប់គ្រងបណ្តាញព័ត៌មានសង្គមក្រុងស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង បានប្រព្រឹត្តទៅអស់រយៈពេលមួយ ព្រឹកពេញនេះមានសិក្ខាកាមអញ្ជើញចូលរួមពីបណ្តាក្រុង ស្រុកទាំង១៣ និងឃុំ សង្កាត់ទាំង១១៦ សរុបចំនួន ៥២៩នាក់ ក្នុងនោះយុវជនក្នុងមួយក្រុង ស្រុកចំនួន ៥នាក់ សរុប ៦៥នាក់ និងយុវជនក្នុងមួយឃុំ សង្កាត់ចំនួន ៤នាក់ សរុបចំនួន ៤៦៤នាក់។

លោកបានបន្ថែមថា គោលបំណង ក្នុងវគ្គបណ្ដុះបណ្ដាលនេះដើម្បីពង្រឹងសមត្ថភាពចំណេះដឹង និងចំណេះធ្វើជូនយុវជនវាគ្មិនគណបក្សនិងសកម្មជនយុវជន ជាក្រុមការងារគ្រប់គ្រងលើបណ្តាញព័ត៌មានសង្គមក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យបានកាន់តែល្អប្រសើរជាងមុន ដែលជាធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងចំណេះដឹង ឆ្ពោះទៅរកជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងនីតិកាលបន្តបន្ទាប់ ។

នៅឪកាសនោះ លោក ជា សុមេធី ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅសម្រាប់អនុវត្តសកម្មភាព ការងារគណបក្ស និងការផ្សព្វផ្សាយសកម្មភាពតាមរយៈបណ្ដាញសង្គម ។ 

លោកបានបញ្ជាក់ថា បើមើលទៅជ្រុងមួយ ថ្វីត្បិតតែយើងទទួលបាននូវលទ្ធផលគាប់ប្រសើរនាពេលកន្លងមក ប៉ុន្តែយើងក៏មិនត្រូវភ្លេចខ្លួន ឬ ធ្វេស ប្រហែសនឹងភារកិច្ចស្នូលរបស់យុវជនគណបក្សបានឡើយ ។ ពោលគឺ ជានិច្ចកាលក្រុមយុវជនយើងត្រូវ ស្ថិតនៅក្នុងភាពម្ចាស់ការ និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីរួមចំណែកជាមួយ ថ្នាក់ដឹកនាំ ក្នុងគោលដៅអនុវត្តតាមកម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្រ និងសេចក្តីសម្រេចរបស់គណ បក្សប្រជាជនកម្ពុជាយើង ។ 

លោកបានបន្ថែមថា ចំណែកការងារចាំបាច់ចំពោះមុខរបស់ក្រុមការងារយុវជនគណបក្សគ្រប់ លំដាប់ថ្នាក់ ពិសេសសកម្មជនយុវជនដែលជាវាគ្មិនគណបក្ស និងសកម្មជនយុវជនជាក្រុមការងារ គ្រប់គ្រងបណ្តាញព័ត៌មានសង្គមក្រុង ស្រុក និងឃុំ សង្កាត់ដែលកំពុងទទួលការបណ្តុះបណ្តាលថ្ងៃនេះ គឺ ត្រូវពង្រឹងចំណេះ ជំនាញ ស្វែងយល់អំពីប្រវត្តិ ស្នាដៃ បទពិសោធន៍ និងក្របខណ្ឌគោលនយោបាយនានា ក្នុងការបំប៉នសមត្ថភាពជាវាគ្មិនគណបក្ស និងយុវជនគ្រប់គ្រងបណ្តាញសង្គមដ៏មានប្រជាប្រិយ និងមាន ឥទ្ធិពល ដើម្បីបន្តបោះជំហានបង្កើនភាពឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

ជាមួយគ្នានេះលោកស្បោង សារ៉ាត ប្រធានគណបក្សខេត្តបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច របស់សកម្មជនយុវជនជាវាគ្មិនគណបក្ស និងសកម្មជនយុវជនជាក្រុមការងារគ្រប់គ្រងបណ្តាញពត៌មាន សង្គមក្រុង ស្រុក និងឃុំ សង្កាត់ ក៏ដូចជាក្រុមការងារយុវជនគណបក្សខេត្តគ្រប់រូប ដែលតែងតែតស៊ូ យក ចិត្តទុកដាក់ ក្រាញននៀល យកឈ្នះរាល់ឧបស័ក្តិទាំងឡាយទាំងពួងកន្លងមក ដើម្បីគណបក្សប្រជាជន កម្ពុជា គឺដូចគ្នានឹងការរក្សានូវសន្តិភាព និងការអភិវឌ្ឍដូច្នេះដែរ ។ 

ជាមួយគ្នានេះលោកប្រធានគណបក្សខេត្តព្រៃវែងបានថ្លែងផ្ដាំផ្ដល់ដល់យុវជនគណបក្ស ត្រូវបន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ និងខ្ជាប់ខ្ជួន រក្សាសាមគ្គីភាពផ្ទៃក្នុង បង្ហាញនូវអត្តចរិតល្អ សេចក្តីថ្លៃថ្នូរ និងជាគំរូល្អ ក្នុងមូលដ្ឋាន ក្នុងនាមជាក្រុមការងារគណបក្ស និងក្នុងនាមជាយុវជនគណបក្សនិងខិតខំផ្សព្វផ្សាយអំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងសមិទ្ធផលធំៗ របស់បក្ស ដែលបានបំពេញនាពេលកន្លងមក និងវាយបកទាន់ពេលវេលា រាល់ការឃោសនាភូតកុហកនានាពីកម្លាំងប្រឆាំង ទាំងក្នុងមូលដ្ឋាន និងតាមបណ្តាញសង្គម។

បន្ថែមលើសពីនេះក្រុមការងារយុវជនគណបក្សត្រូវបង្កើតយន្តការផ្សេងៗ ដើម្បីកៀងគរកម្លាំងគាំទ្រគណបក្សបន្ថែមទៀត ដូចជា អាជីវករលក់ដូរតាមផ្សារ ឬអាជីវករបម្រើសេវាកម្មផ្សេងៗ ជាពិសេសត្រូវ កៀងគរកម្លាំងក្នុងស្រទាប់យុវជន សិស្ស និស្សិត កម្មកររោងចក្រ កម្មករសំណង់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយថ្នាក់ដឹកនាំយុវជនគណបក្សក្រុង ស្រុក សូមបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ សមត្ថភាពយុវជនបក្ស ឱ្យមានចំណេះ ជំនាញ និងបទពិសោធន៍ សម្រាប់បន្តវេន ដឹកនាំទៅថ្ងៃអនាគត។

លោកក៏បានថ្លែងជំរុញដល់យុវជនគណបក្សដែលបានបណ្ដុះបណ្ដាលនាពេលនេះ ធ្វើការកៀងគរយុវជនគ្រប់និន្នាការឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូន គណបក្សគ្រប់អាណត្តិ បន្តគាំទ្រ និងជួយជំរុញទិសដៅរបស់បក្សក្នុងការបោះឆ្នោតក្រោយៗទៀតគឺ សមាជិក បក្ស១រូប ជាសន្លឹកឆ្នោតគាំទ្រ១សន្លឹក៕