(កែប-កំពត) នាថ្ងៃទី២៥ ខែមីនា ឆ្នាំ2023 នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញដឹកនាំកិច្ចប្រជុំ ការត្រៀមរៀបចំប្រកួតកីឡាទ្រីយ៉ាត្លុង នៅខេត្តកែប និងវិញ្ញាសារកីឡាទូកកានូ នៅខេត្តកំពត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32 ឆ្នាំ2023។

បន្ទាប់ពីបានស្តាប់រាយការណ៍ របស់លោអភិបាលរងខេត្តកែប និងខេត្តកំពត ដែលជាប្រធានក្រុមការងាររៀបចំសុីហ្គេម ថ្នាក់ខេត្ត និងរបាយការណ៍សង្ខេបរបស់តំណាងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងតំណាងសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា លោក វ៉ាហេង ដាវុធ តំណាងគណៈកម្មការទីលានប្រកួត និងរបាយការណ៍របស់លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ទទួលបន្ទុក ការងារតំបន់ឆ្នេរសមុទ្រ រួចមក លោករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍ CAMSOC និង CAMAPGOCបានផ្តល់អនុសាសន៍ណែនាំគន្លឹះដូចជា ការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការបំពាក់ឧបករណ៍និងសម្ភារៈបរិក្ខានៅទីលានប្រកួត លើកកម្ពស់សោភណ្ឌភាពនិងការតុបតែងលំអរក្រុង ការគ្រប់គ្រងអនាម័យបរិស្ថាន ជំរុញការផ្សព្វផ្សាយ និងពិសេសការគ្រប់គ្រង និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍និងបដិសណ្ឋារកិច្ច រួមទាំងជំរុញការលើកកម្ពស់គុណភាពនិងសុវត្ថិភាពចំណីអាហារផងដែរ ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ2023។

គួរបញ្ជាក់ផងដែរថា ការរៀបចំប្រកួតកីឡាទ្រីយ៉ាត្លុង (ដែលមាន ៧ វិញ្ញសា ) នៅគោលដៅខេត្តកែប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦-៨ខែឧសភា ឆ្នាំ2023 ដោយមានការចូលរួមចំនួន ៧ ប្រទេស មានកីឡាករ ចំនួន ជាង ១០០នាក់ មកពីសឹង្ហបូរី ថៃ វៀតណាម មាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកម្ពុជា ជាម្ចាស់ផ្ទះ ខណៈដែលការរៀបចំកីឡាប្រណាំងទូកកានូ(ដែលមាន ១៣ វិញ្ញសា ) ដែលត្រូវរៀបចំនៅគោលដៅខេត្តកំពត មានកីឡាករ ការនី ចំនួន ជាង ២៨០ នាក់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៦ ខែឧសភា ឆ្នាំ2023 ដោយមានការចូលរួមចំនួន ៨ ប្រទេស រួមមាន កម្ពុជា សឹង្ហបូរី ថៃ ឡាវ វៀតណាម មាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។