(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាខេត្តត្បូងឃ្មុំ និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តទំហំ៤.១៤ គុណ១២ម៉ែត្រ និងប្រារព្ធបុណ្យផ្កាប្រាក់សាមគ្គី ក្នុងវត្តចន្ទគីរី (ហៅវត្តចាន់ទូង)ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ ជួយដោះស្រាយរាល់ទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងនៅទូទាំងប្រទេសជូនបងប្អូន។

លោកបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការវត្ត រួមនឹងសប្បុរសជន ប្រជាពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងនូវសមិទ្ធផល នៃវិស័យព្រះពុទ្ធសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្តិ៍តំណែល និងទុកដើម្បីគោរពបូជា តាមបែបប្រពៃណីសាសនា។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលគ្រប់តំបន់ជនបទ ជីវភាពប្រជាពលរដ្ឋធូរធា មានលទ្ធភាពនិងសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលនានាជាច្រើនគួរឲ្យគត់សម្គាល់ ជាមួយរាជរដ្ឋាភិបាលជាការឆ្លើយតបនូវគុណូបការៈ នៃការជួយសង្រ្គោះអាយុជីវិតប្រជាជនឲ្យរួចផុលពីរបបប្រល័យពូជសាសន៍ ពុល ពត រហូតដល់ពេលនេះ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនយ៉ាងសន្ធឹកសន្ធាប់ ក្រោមនយោបាយដឹកនាំរបស់សម្តេចតេជោ ។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឲ្យលង់ជឿតាមការញ៉ុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម។ ដូច្នេះហើយ សូមលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តបោះឆ្នោតគាំទ្រជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី បានប្រគេនស៊ីម៉ងត៍ចំនួន ២០តោន ដើម្បីចូលរួមកសាងសមិទ្ធិផលនានានៅក្នុងវត្តចន្ទគីរី (ហៅវត្តចាន់ទូង) និងចែកជូនថវិកាដល់យាយជីតាជីក្នុងម្នាក់ ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូក្នុងម្នាក់២ម៉ឺនរៀល គ្រូពេទ្យក្នុងម្នាក់២មុឺនរៀល សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនសសយក យុវជនកាក់បាទក្រហម ក្នុងម្នាក់ៗ១ម៉ឺនរៀល សមត្ថកិច្ច និងប្រជាការពារ ក្នុងម្នាក់១មុឺនរៀលផងដែរ៕