(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣ រួមមាន ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ និងបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣បន្ថែមទៀត។

ការប្រកាសបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣៖
ទី១. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម។
ទី២. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់។
ទី៣. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល។

សម្តេចតេជោបានបន្តថា បន្ទាប់ពីដាក់ឱ្យអនុវត្តនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពទាំង៣ខាងលើ រាជរដ្ឋាភិបាលក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣បន្ថែមទៀត៖
ទី១. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល។
ទី២. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍។
ទី៣. ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល។

សម្ដេចតេជោបានថ្លែងដូច្នេះថា «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពថ្មីៗទាំង៣នេះនឹងដើរតួនាទីជាត្រីវិស័យសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធអេកូឡូស៉ីសម្រាប់បណ្ដុះនវធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើនឈានឡើង ជាអាទិ៍៖ វិនិយោគិនគ្រាប់ពូជក្នុងស្រុក មូលនិធិទុនឯកជន មូលនិធិបណ្ដាក់ទុន មជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច ឬធុរកិច្ចថ្មីៗ និងកន្លែងធ្វើការរួមគ្នា។

ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តជាតិ តាមរយៈការបង្កើតនូវកម្មវិធីបណ្ដបណ្ដាល ពិសេសសម្រាប់មុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា បង្កើតការិយាល័យទំនាក់ទំនងផ្ទាល់ជាមួយនឹងសហគ្រាស និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច ឬធុរកិច្ចថ្មីៗ៕