(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃយ៍គណបក្សរាជធានីភ្នំពេញ លោក ម៉ប់ សារិន បានជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី ត្រូវបំពេញតួនាទីជាយុវជនសរសរទ្រូង ជាទំពាំងស្នងឬស្សី ជាសកម្មជនរបស់គណបក្ស និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ការជម្រុញបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ មីនា ឆ្នាំ ២០២៣នេះ ខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីមតិសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន៥៥០នាក់របស់សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យនៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

ពិធីនេះក៏មានវត្តមាន លោក ឃុត ចាន់ដារ៉ា តំណាងរាស្ត្រមណ្ឌលរាជធានី លោក ម៉ម ម៉ាលី សមាជិកក្រុមប្រឹក្សារាជធានីនិងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កាកាបទី១ និងលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យចូលរួមផងដែរ។

លោក ម៉ប់ សារិន បានលើកឡើងថា សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលត្រូវប្រកាសបញ្ចូលនេះ មានចំនួន៥៥០នាក់ មកពីសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។ ដូច្នេះ លោកស្នើឲ្យប្អូនៗសមាជិកបក្សទាំង៥៥០រូប ខិតខំបំពេញតួនាទី ជាយុវជនសរសរទ្រូង ជាទំពាំងស្នងឬស្សី ជាសកម្មជនរបស់គណបក្សនិងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដា ២០២៣ ខាងមុខនេះ ដោយសមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្សកុំបីខាន។

លោកស្រី ទៀប វណ្ណរឿង ប្រធានគណបក្សសង្កាត់ កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្នុងឱកាសនោះដែរ ក៏បានអានសេចក្តីសម្រេចយល់ព្រម បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់កាកាបទី១ ទាំង ៥៥០រូប ទៅតាមសំណើរបស់សាម៉ីតំណាងដោយកញ្ញាអេង សៀងជូផងដែរ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាល លោកម៉ប់ សារិន បានឧបត្ថម្ភថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្អូនៗទាំង៥៥០នាក់ ដោយម្នាក់ទទួលបាន២០០០០រៀលផងដែរ៕