(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជា​អធិបតីក្នុង​ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី​ពិសារ​អាហារ​ស្រាយបួស៖

* សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវការកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់របស់គណៈកម្មការរៀបចំអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលបានសហការរៀបចំនូវពិធីដ៏មានសារៈសំខាន់ សម្រាប់បងប្អូនសាសនិកឥស្លាម ដើម្បី ១). មានអារម្មណ៍ជិតស្និទ្ធជាមួយព្រះជាម្ចាស់ ២).ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ៣).ចូលរួមក្នុងសកម្មភាពសប្បុរស-ធម៌ និង ៤). រម្លឹកដល់មនុស្ស ដែលមានវាសនាមិនល្អ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបើកទូលាយដល់បងប្អូនខ្មែរឥស្លាមតាមរយៈ ១).ការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណី នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ២).ការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។

* សម្តេចតេជោបានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី និង ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និង នវានុវត្តន៍។

* នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នុងអំឡុងពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនាពិសេសសាសនាឥស្លាមត្រូវបានលុបបំបាត់ទាំងស្រុង ។ ការណ៍នេះ គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងការហែកហួរគ្នាហើយក៏ជាលទ្ធផលនៃការដណ្តើមអំណាច និងការព្យាយាមផ្លាស់ប្តូររដ្ឋាភិបាល ដោយការប្រើប្រាស់កម្លាំងការខ្វះនូវសាមគ្គីភាពផ្ទៃក្នុង និងឯកភាពជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពីមុនដែលល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព។ កម្ពុជាពីមុន ដែលជាប្រទេសអន់ថយខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពីមុន ដែលជាប្រទេសទទួលរងការហ៊ុមព័ទ្ធ និងឯកាទាំំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាប្រទេសមួយ ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសកល និងជាប្រទេស ដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។

* សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និង ជំនឿសាសនា ។ ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនាពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សានូវចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ ។

សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសនេះលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖

ទី១. រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និង ចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

ទី២. ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវការជាក់ស្តែង។

ទី៣. គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម ។

ទី៤. សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៥៖៤០នាទីល្ងាច, សូមអរគុណចំពោះការទស្សនាការផ្សាយ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕