(ភ្នំពេញ)៖ វ៉ាក់សាំងប្រមាណជិត ៥សែនដូស ប្រភេទ Pfizer ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) អង្គការ UNICEF បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២៣នេះ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង​ជំនួយរបស់សហរដ្ឋអាមេរិកតាម​រយៈ COVAX Facility ដែលទទួល​បាន​ការ​អនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យ​ទទួល​យកជាដំណាក់​កាល​ៗចំនួន ១លាន​ដូសសិន ឥទ្បូវនេះវ៉ាក់សាំងជំហាន​ទី១ ចំនួន ៤៩៨,២៤០ ដូសប្រភេទ Pfizer បាន​មកដល់កម្ពុជានៅ​វេលាម៉ោង ២៣៖០០នាទី​យប់​នេះ តាម​ជើង​យន្តហោះកាតា»។

ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក យន្តការកូវ៉ាក់ អង្គការសុខភាពពិភពលោក (WHO) និងដៃគូផ្សេងៗទៀត ដែលសហការសម្របសម្រួលទាំងបច្ចេកទេស និងថវិកា ជំរុញឲ្យកម្ពុជា បានទទួលនូវវ៉ាក់សាំងកូវីដ-១៩ ទាន់ពេលវេលា៕