(ឧត្តរមានជ័យ)៖ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៥នាក់មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសំរោង ដោយហេតុការណ៏នេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២នឹង៣០នាទីយប់ ស្ថិតនៅត្រង់ចំណុចភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋមកថា មានកើតករណី ក្រុមក្មេងទំនើងដេញវាយតប់គ្នាបង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម មានគ្នា រហូតដល់១៥នាក់ មកពីភូមិបន្សាយរាក់ និងភូមិសំបួរមាស បានធ្វើសកម្មភាពបង្ករឿង និងដេញវាយទៅលើជនរងគ្រោះឈ្មោះ គឹម សៃ ហៅ បឺត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលកំពុងរាំលេងនៅក្នុងកម្មវិធីមង្គលការមួយកន្លែងនៅភូមិរំដួលវាសនា។

ជាក់ស្តែងក្រោមការអនុវត្តន៏បទបញ្ជាយ៉ាងមុឺងម៉ាត់ពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅតាមមូលដ្ធាននឹងការចង្អុលបង្ហាញជាប្រចាំថ្ងៃរបស់ លោកឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៣នេះ លោកស្នងការ បានដាក់ផែនការបញ្ជាផ្ទាល់ទៅ លោកវរសេនីយ៏ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង ដឹកនាំកម្លាំងជំនាញចុះពិនិត្យនឹងធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន នឹងធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់រហូតដល់ចំនួន ១៥នាក់ ដើម្បីយកមកធ្វើការសាកសួរភ្លាមៗ ហើយចាត់ការទៅតាមនីតិវិធី។

ជាមួយគ្នានេះដែរនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង ៣០នាទីនេះ លោកឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចុះទៅផ្ទាល់ដល់អធិការដ្ធានក្រុងសំរោងហើយធ្វើការអប់រំណែនាំ នឹងជួបអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំង ១៥នាក់នោះ នឹងបានហាមថ្ងៃក្រោយកុំឲ្យមានប្រព្រឹត្តសកម្មភាពទាំងនេះបន្តទៅទៀត។

លោកស្នងការ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃដដែលថាចាប់តាំងពីថ្ងៃនេះតទៅរាល់បទល្មើសទាំងឡាយណាដែលកើតមានឡើងដូចជាបញ្ហាក្មេងទំនើងនេះគ្រប់បណ្តាប៉ុស្តិ៏ អធិការក្រុង-ស្រុកទាំង៥ គឺមិនអនុញាតិឲ្យកើតមានជាដាច់ខាត ប្រសិនជាមានកើតមានសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាបឲ្យខានតែបាន។

នៅចំពោះមុខ ដោយមើលឃើញថាចំពោះករណីនេះក្រុមក្មេងទំនើងទាំង១៥នាក់ ខាងលើនេះការប្រព្រឹត្តទៅលើជនរងគ្រោះពុំមានរបួសស្នាមហើយជាបទល្មើសមិនធំដុំនោះទេ លោកស្នងការ ក៏បានចាត់ចែងឲ្យលោកអធិការក្រុងសំរោង គ្រាន់តែធ្វើការណែនាំពួកគាត់សិន បើលើកក្រោយ បើសិនជាសមត្ថកិច្ចចាប់បានពួកគាត់មុខដដែលទៀតគឺត្រូវអនុវត្តបញ្ជូនទៅកាន់តុលាការមិនលើកលែងទៀតឡើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១៥នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបានមានម៉ូតូចំនួន ៦គ្រឿង ផងដែរនោះត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសំរោងធ្វើកំណត់ហេតុធ្វើការអប់រំចុះកិច្ចសន្យាធានាពីអាណាព្យាបាលដើម្បីមកធានាយកទៅលំនៅឋានវិញផងដែរ៕