(បន្ទាយមានជ័យ)៖ អគារសិក្សា១ខ្នង ៥បន្ទប់ ដែលកសាងអស់ថវិកាជាង ៥ម៉ឺនដុល្លារ ជាជំនួយអង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាកកោះស្ថិតឃុំស្លរក្រាម ស្រុកស្វាយចេក។

លោក លឿង សុភ័ក្ត អភិបាលស្រុកស្វាយចេក បានថ្លែងថា សាលាបឋមសិក្សាកកោះ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៩៣ ដែលកសាងដំបូងជាអគារឈើសម្រាប់ឲ្យសិស្សានុសិស្សសិក្សា។ ពេលឆ្នាំ២០០០ ក៏ទទួលអគារសិក្សាថ្ម១ខ្នង ២បន្ទប់ ឆ្នាំ២០០៥ ទទួលបានអគារ២ខ្នង ១២បន្ទប់ រហូតបច្ចុប្បន្ន ទទួលបានអគារសិក្សា៣ខ្នង ១៧បន្ទប់ នៅពេលនេះទទួលបាន១ខ្នង ៥បន្ទប់ ជាជំនួយអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់។

លោក ហ្លូរ៉េន ហាដម៉ាស់ ម្ចាស់ជំនួយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា បានលើកឡើងថា អង្គការសម្រេចសុបិនកុមារកម្ពុជា បានកសាងអគារសិក្សាបានចំនួន៥០០អគារ ក្នុងនោះមាន២០០អគារ បានកសាងនៅក្នុងប្រទេសកម្ពុជា ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ ដើម្បីជួយដល់កុមារទទួលបានការសិក្សា និងចំណេះដឹងជាក់ស្តែង។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានកោតសសើរម្ចាស់ជំនួយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានកសាងអគារសិក្សានៅសាលាបឋមសិក្សាកកោះ ឃុំស្លរក្រាម ស្រុកស្វាយចេក ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ។ ក្នុងនាមអភិបាលខេត្តបន្ទាយមានជ័យ លោកសំណូមពរដល់ម្ចាស់ជំនួយ និងអង្គការសុំបន្តជួយវិស័យអប់រំដល់ខេត្តបន្ទាយមានជ័យថែមទៀត៕