(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងបណ្តាប្រទេសជាច្រើន បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយបានយកកម្ពុជាធ្វើជាគម្រូដ៏ល្អ នៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

លោកលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានអ្នកចូលរួមជាង៦ពាន់នាក់ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

លោកទេសរដ្ឋមន្ដ្រី បានបន្តថា ដោយមានគោលនយោបាយសុខដុមនីយកម្ម ប្រជាជនកម្ពុជាគ្រប់ជនជាតិ បានបំពេញកាតព្វកិច្ចគោរពប្រតិបត្តិសាសនា ដោយមានសិទ្ធិសេរីភាពពេញលេញ គ្មានការភ័យខ្លាច ការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា។

លោកបានបន្ថែមថា សហគមន៍ខ្មែរឥស្លាម តែងតែដឹងគុណជានិច្ចមិនអាចបំភ្លេចបាន ដែលសម្តេចតេជោ បានអនុញ្ញាតជាគោលការណ៍លើកលែងការបូជាដល់សពសាសនិកឥស្លាម ដែលទទួលមរណភាពដោយជំងឺកូវីដ១៩ ព្រមទាំងបានផ្តល់ដីប្រមាណជាង៧០ហិកតា នៅតាមបណ្តារាជធានី ខេត្តសម្រាប់បញ្ចុះសពថែមទៀត។ ផ្តល់កញ្ចប់ថវិកាជូនគ្រួសារ នៃសពជាទូទៅរួមទាំងខ្មែរឥស្លាម ដែលរងគ្រោះដោយជំងឺកូវីដ-១៩។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់គ្រួសារដែលរងផលប៉ះពាល់ និងងាយរងគ្រោះកំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កភាពងាយស្រួលដល់អ្នកជំងឺកូវីដ១៩ ជាមុស្លិម ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ អាចទទួលបានម្ហូបអាហារហាឡាល និងបានផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យឥស្លាម បានរួមចំណែកក្នុងការព្យាបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA ហើយមួយចំនួន សម្តេចតេជោ បានបញ្ចូលជាមន្ត្រីក្របខណ្ឌនៃក្រសួងសុខាភិបាល។

បន្ទាប់ពី សម្តេចតេជោ បានដោះស្រាយនូវសំណូមពរជាច្រើនជូនខ្មែរឥស្លាមដូចអ្វីៗ ដែលបងប្អូនបានជ្រាបស្រាប់ ទាំងផ្តល់គ្រូបង្រៀនខ្មែរឥស្លាម សាលារៀននៅតាមបណ្តាភូមិឥស្លាមជាច្រើន។ល។ មិនតែប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់គោលនយោបាយ រៀបចំឲ្យមានមុស្លិម បានចូលរួមបម្រើកិច្ចការជូនជាតិនៅក្នុងស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់នគរបាល យោធាជាដើម។

សូមបញ្ជាក់ថា បណ្តាប្រទេសជាច្រើនលើសាកលលោក ពិសេសប្រជាជនកម្ពុជា ពិតជាបានកោតសរសើរនូវវីរភាពដ៌អង់អាច ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយជោគជ័យដោយអនុវត្តយុទ្ធសាស្ត្រផ្ការីក នៃការចាក់វ៉ាក់សាំងដែលបានការពារអាយុជីវិតប្រជាជន មិនឲ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន បានបង្កភាពអនុគ្រោះដល់ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិនៅអំឡុង និងក្រោយវិបត្តិជំងឺកូវីដ១៩៕