(កំពង់ធំ)៖ មានករណីបាញ់ប្រហារមួយកើតឡើងបណ្តាលឲ្យជនរងគ្រោះ ចំនួន២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ នៅខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០៖២០នាទី មានករណីឃាតកម្ម ដោយចេតនា (បាញ់) កើតឡើងនៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តោងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកស្នងការរង បានបញ្ជាក់ថា ជនសង្ស័យធ្វើសកម្មភាព ឈ្មោះ ទឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នំពេញ ផ្លូវ២០០៤ (បុរីសូណា) មុខរបរជាងចាក់សាក់ និងស្រោបបណ្តោងព្រះ បានធ្វើសកម្មភាពយកអាវុធខ្លីបាញ់លើក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងក្រោមផ្ទះ បណ្តោលស្លាប់មនុស្សចំនួន២នាក់ និងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះទាំង ៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ សួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ (ស្លាប់) ត្រូវជាលោកយាយរបស់ឈ្មោះ ហៀង រតនា
*ទី២៖ ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់) ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ហៀង រតនា
*ទី៣៖ ឈ្មោះ ហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំ (របួស) ត្រូវជាប្រពន្ធជនសង្ស័យ។

លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យក្រោយបាញ់ជនរងគ្រោះរួចហើយ ក៏បានបាញ់ស្លាប់ខ្លួនឯងផងដែរ៕