(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា ខណៈពេលដែលអាកាសធាតុកាន់តែឡើងកំដៅក្នុងរដូវប្រាំងនេះ ករណីអគ្គិភ័យបានកើតឡើងជាបន្តបន្ទាប់នៅតាមសហគ្រាស គ្រឹះស្ថានមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងន័យនេះ ដើម្បីបន្តពង្រឹងនិងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត ជាពិសេសការបង្ការអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ក្រសួងការងារ បានក្រើនរំលឹកនិងណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖

១៖ ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទីនិងភារកិច្ចរបស់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន។
២៖ អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាការសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមនៅពេលមានអាសន្ន។
៣៖ ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្រ្គោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។
៤៖ ផ្តល់ទឹកស្អាត និងមានអនាម័យសម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត។
៥៖ ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៦៖ ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៧៖ រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារធាតុងាយឆាបឆេះនិងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។
៨៖ បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឱ្យមានអគ្គិភ័យ កើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។
៩៖ ត្រួតពិនិត្យនិងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោច ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។
១០៖ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅពេលអាកាសធាតុកើនកំដៅ និងរៀបចំទុកដាក់សម្ភារនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។
១១៖ ត្រួតពិនិត្យនិងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ដល់កម្មករនិយោជិត ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។
១២៖ ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពព្រមទាំងមានលិខិតអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ។
ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ត្រូវទទួលការពិន័យតាមច្បាប់ជាធរមាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នឹងសហការអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព៕