(ភ្នំពេញ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃ ខេត្តបន្ទាយមានជ័យ រកចំណូលគយជូនជាតិ បានប្រមាណ១លានដុល្លារ ទៅ១លានកន្លះ ពីទំនិញដែលចេញ-ចូល តាមច្រកទ្វារព្រំដែនផ្លូវការ។

ការឲ្យដឹងរបស់លោកអភិបាលខេត្ត ធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ»

លោក អ៊ុំ រាត្រី បានថ្លែងយ៉ាងដូច្នេះថា «ខេត្តបន្ទាយមានជ័យ ខែខ្លះចាញ់តែខេត្តព្រះសីហនុនោះ គឺលេខ១តែម្ដងក្នុងការរកចំណូលជូនជាតិ យើងខិតខំកៀរគរដើម្បីទប់ស្កាត់ច្រករបៀងចូលមកច្រកផ្លូវការ រួមគ្នាបង់ពន្ធជូនរដ្ឋ ដែលយើងគិតជាមធ្យម១លានដុល្លារ ទៅ១លានកន្លះ ក្នុងមួយថ្ងៃ»

តាមរយៈអ្វីដែលខេត្តបន្ទាយមានជ័យសម្រេចបាននេះ លោកអភិបាលខេត្តក៏បានបង្ហាញនូវមោទនភាពផងដែរ ជាពិសេសការរកចំណូលជូនជាតិ ជាមួយសមត្ថកិច្ចគយ និងទប់ស្កាត់ការនាំទំនិញតាមច្រករបៀបដោយខុសច្បាប់ ដែលនាំឲ្យបាត់ចំណូលជូនជាតិ។

បន្ថែមពីការរកចំណូលគយនេះ លោក អ៊ុំ រាត្រី ក៏បានបញ្ជាក់អំពីការប្រមូលចំណូលពន្ធដារផងដែរ ដោយក្នុងមួយឆ្នាំៗ ចំណូលមិនដែលថយនោះទេ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២កន្លងទៅនេះ ចំណូលពន្ធដារក្នុងខេត្ត មានចំនួន២៥ពាន់លានរៀល។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់អាជីវករ វិនិយោគិន ដែលចូលរួមគោរពច្បាប់ និងបង់ពន្ធ ហើយក្នុងករណីប្រជាពលរដ្ឋ និងវិនិយោគិនមិនបានចូលរួមចំណែកទេនោះ ខេត្តបន្ទាយមានជ័យ មិនអាចរកចំណូលបានដូចពេលនេះឡើយ។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស ដែលមានចម្ងាយ៣៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតទល់នឹងខេត្តសៀមរាប ខាងលិចទល់នឹងព្រះរាជាណាចក្រថៃ លាតសន្ធឹងប្រវែង១៥៣គីឡូម៉ែត្រ ជាប់នឹងខេត្តស្រះកែវ និងខេត្តបូរីរ៉ាំ ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងត្បូងទល់នឹងខេត្តបាត់ដំបង និងមានច្រកទ្វារអន្តរជាតិចំនួន០២គឺ ច្រកអន្តរជាតិ ប៉ោយប៉ែត និងស្ទឹងបត់ និងច្រកទ្វារតំបន់ចំនួន០២គឺ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងបឹងត្រកួន។

ដោយខេត្តមានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃ ដែលជាកត្តាអំណោយផល ដល់ការដោះដូរ-ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។ ទំនិញនាំចេញរបស់ខេត្តបន្ទាយមានជ័យ ទៅប្រទេសថៃភាគច្រើនជាប្រភេទកសិផល ដូចជា ដំឡូងមី,ម្ទេសក្រៀម, អំពៅ,ពោតក្រហម, ស្វាយចន្ទី, ស្រូវជាដើម៕