(ភ្នំពេញ)៖ គណៈប្រតិភូចិនដឹកនាំដោយលោក ស៊ូ ឈីមីង (Shu Qiming) អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន បានបញ្ជាក់ពីការគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជន និងថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត។

ព្រមទាំងសូមវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹងនិងពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិន ជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាពប្រជាជន សន្តិភាព និងការអភិវឌ្ឍរុងរឿងតទៅមុខទៀត។

ការវាយតម្លៃបែបនេះរបស់លោក ស៊ូ ឈីមីង បានធ្វើឡើងនៅក្នុងឱកាសលោកបានជួបសវនាការ និងពិភាក្សាការងារ ជាមួយលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ពិធីនេះអមដំណើរដោយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

នៅក្នុងជំនួបនាពេលនេះ លោក ស៊ូ ឈីមីង បានលើកឡើងថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណងទី១៖ អនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗរវាងសម្តេចតេជោ និងលោកប្រធានាធិបតី ស៊ី ជិនពីង, ទី២៖ ផ្តល់បទឧទ្ទេសនាមស្តីពីលទ្ធផលនៃសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០, ទី៣៖ ចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការដឹកនាំគ្រប់គ្រងបក្ស និងរដ្ឋ។

លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងទ្វេភាគី និងពហុភាគី ហើយក៏ជាទំនាក់ទំនងគម្រូ នៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។ បានសម្តែងនូវអំណរគុណជូនចំពោះ សម្តេចតេជោ និងសូមវាយតម្លៃខ្ពស់ចំពោះចំហរកម្ពុជា ដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងយុត្តិធម៌។

ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្នុងនាមលោកស្រីផ្ទាល់ បានសម្តែងក្តីសោមនស្សរីករាយ និងការស្វាគមន៍ដ៏កក់ក្តៅ ចំពោះលោក ស៊ូ ឈីមីង ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងឆ្លៀតឱកាសមកកាន់រដ្ឋសភានាពេលនេះ។

លោកស្រីកិត្តិសង្គបណ្ឌិត បានធ្វើការវាយតម្លៃខ្ពស់ទៅលើដំណើរទស្សនកិច្ចការងារនាពេលនេះ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរលង់ណាស់មកហើយតាំងពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនភីង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ និងបក្សនៃប្រទេសទាំងពីរ ឱ្យក្លាយជាការពិតជាក់ស្តែង។

លោកស្រីកិត្តិសង្គបណ្ឌិត បានសម្តែងនូវអំណរគុណដល់ភាគីចិន ដែលបានចូលរួមចំណែក និងគាំទ្រក្នុងបុព្វហេតុជាតិមាតុភូមិ ដោយបានប្រែក្លាយទឹកដីកម្ពុជាពីវាលពិឃាត សង្រ្គាមរាំរ៉ៃ ក្លាយមកជាទឹកដីសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍស្រស់បំព្រងដូចសព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានសម្តែងនូវការអបអរសាទរបក្សកុម្មុយនិស្តចិននូវជោគជ័យក្នុងមហាសន្និបាតកាលពីខែតុលា ឆ្នាំ ២០២២ ដែលជាព្រឹត្តិការណ៍ពិភពលោក រួមទាំងកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់។

លោកស្រីកិត្តិសង្គបណ្ឌិត បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវ «គោលការណ៍ចិនតែមួយ» និង «គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ» ហើយចាត់ទុកបញ្ហានៅហុងកុង តៃវ៉ាន់ និងស៊ីនជាំងជាដើម គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបន្ថែមថា កម្ពុជាតែងតែគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន រួមមាន៖ «គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់-BRI» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល-GDI» «គំនិតផ្តួចផ្តើមសន្តិសុខសកល-GSI» និងថ្មីៗនេះគឺ «គំនិតផ្តួចផ្តើមអរិយធម៌សកល-GCI» ដែលនាំមកនូវស្ថិរភាព និងវិបុលភាពសម្រាប់តំបន់និងពិភពលោក ហើយកម្ពុជាជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើផែនការសកម្មភាពនៃ «សហគមន៍ជោគវាសនារួម»។

ជាងនេះទៅទៀត លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជក់ពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council – ACC) នៅក្នុងក្របខណ្ឌនៃគណបក្សនយោបាយអាស៊ី ដែលនឹងដើរក្លាយជាច្រករបៀងវប្បធម៌ ដើម្បីការតភ្ជាប់អរិយ្យធម៌ចម្រុះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបង្ហាញនូវក្តីសង្ឃឹមថាភាគីចិននឹងនៅតែបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសចូលរួមគាំទ្រ និងការពារធម្មានុរូបនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដានេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើការគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលបានបង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនៃថ្នាក់ដឹកនាំបក្សទាំងពីរពីជំនាន់មួយទៅជំនាន់មួយ ក្នុងការធានាយន្តការនៃការធ្វើការជាមួយគ្នា។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានលើកជាសំណើទៅភាគីចិន តាមរយៈលោក ស៊ូ ឈីមីង និងលោក វ៉ាង វិនធាន ដើម្បីគាំទ្រនូវការផ្តួចផ្តើម ក្នុងការបង្កើត «សាលាមេដឹកនាំបណ្ឌិតសភាតេជោ» ដើម្បីជំរុញការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានបន្តជំរុញឱ្យមានការចែករំលែកនូវការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្ត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើអរិយធម៌ និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នារួចហើយឱ្យចេញជាសកម្មភាពជាក់ស្តែង៕