(សៀមរាប)៖ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់ នៅទីតាំងគម្រោងដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មការ។

គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

ន្ថែមពីនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គីសនីប្រើប្រាស់ព្រោងព្រាត ចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

សមិទ្ធផលដែលសម្រេចបាននាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ ទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេច ឱ្យបានតាមផែនការ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។ នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕