(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណ ផលិតផលគ្រឿងសម្អាង និងគ្រឹះស្ថានផ្សេងៗទៀត អាចស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ។

ក្រសួងបញ្ជាក់ថា ការនាំចូល នាំចេញផលិតផលសុខាភិបាល តាមប្រព័ន្ធបញ្ជរតែមួយជាតិក្នុងគោលបំណង៖

* ធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញ
* បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា
* ផ្តល់ព័ត៌មានត្រឡប់ដល់អ្នកស្នើសុំបានឆាប់រហ័ស និងទាន់ពេលវេលា
* កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា
* រក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់៕