(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សហការជាមួយអង្គការហ្រ្គេត នឹងធ្វើការអនុវត្តសាកល្បង នូវគម្រោងរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់អ្នកបើកត្រីចក្រយានយន្តក្នុងរាជធានីភ្នំពេញ ដើម្បីពង្រីកការធានារ៉ាប់រងសង្គម ដល់អ្នកបម្រើការក្នុងវិស័យសេដ្ធកិច្ចក្រៅប្រព័ន្ធ។

គម្រោងដែលទើបប្រកាសថ្មីនេះ នឹងតម្រូវឱ្យអ្នកបើកបរចូលរួមបង់ថ្លៃវិភាគទានចំនួន ១៥៦០០ រៀលក្នុងមួយខែ តាមរយៈធនាគារដៃគូ។

គម្រោងនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ដែលអ្នកបើកត្រីចក្រយានយន្ដក្នុងទីក្រុងភ្នំពេញ អាចចុះឈ្មោះដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់យានយន្តនៅទីស្នាក់ការកណ្តាលរបស់ ប.ស.ស។
។ អ្នកប្រើប្រាស់ក៏អាចចុះឈ្មោះតាមអ៊ីនធឺណិតតាមរយៈកម្មវិធី NSSFPilotScheme និងទទួលយកប័ណ្ណសម្គាល់តាមពេលក្រោយ។

ដើម្បីទទួលបានអត្ថប្រយោជន៍ សមាជិកដែលបានចុះឈ្មោះត្រូវបង់ថ្លៃវិភាគទានរយៈពេលពីរខែជាប់គ្នា។ សេវាព្យាបាល និងថែទាំសុខភាពដែលបានផ្តល់ឱ្យតាមរយៈគម្រោងនេះរួមមានសេវាព្យាបាលអ្នកជំងឺក្នុងមណ្ឌលសុខភាពដែលទទួលស្គាល់ដោយ ប.ស.ស ក៏ដូចជាសេវាកម្មសម្ភព និងសេវាសង្គ្រោះបន្ទាន់។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស មានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកបម្រើការក្នុងវិស័យសេដ្ធកិច្ចក្រៅប្រព័ន្ធមានចំនួនជាង ៦៥% នៃសេដ្ឋកិច្ចប្រទេសកម្ពុជា។

លោកបន្តថា គម្រោងសាកល្បងនេះត្រូវបានរំពឹងថា នឹងក្លាយជាយន្តការសិក្សាសម្រាប់ការពង្រីកការគ្របដណ្ដប់របបសន្ដិសុខសង្គម សម្រាប់គ្រប់បុគ្គលស្វ័យនិយោជន៍នៅកម្ពុជា។

គម្រោងសាកល្បងនេះ គឺជាផ្នែកមួយនៃកិច្ចសហការរវាង ប.ស.ស និង អង្គការហ្រ្គេត ដោយមានការគាំទ្រពី AFD ដើម្បីសម្រេចបាននូវប្រព័ន្ធសន្តិសុខសង្គមរួមបញ្ចូលគ្នា សម្រាប់អ្នកបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកបើកត្រីចក្រយានយន្ត និងអ្នកប្រើការតាមផ្ទះ។

លោក Damien Thibaut អគ្គនាយករងអង្គការហ្រ្គេតបានលើកឡើងថា គម្រោងនេះនឹងបង្កើនសាមគ្គីភាពរវាងប្រជាជន ក៏ដូចជាការធានាឱ្យមានសង្គមដែលមានភាពរួបរួមគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រយៈពេលច្រើនឆ្នាំកន្លងមកនេះ អង្គការហ្រ្គេត បានកសាងភាពជាដៃគូដ៏រឹងមាំជាមួយ ប.ស.ស ដើម្បីបន្តគោលដៅក្នុងរបបសន្តិសុខ សង្គមដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ការពង្រីកធានារ៉ាប់រងសង្គម ដល់អ្នកបើកត្រីចក្រយានយន្តនឹងជាជំហានមួយ ដើម្បីការបន្តពង្រីកគម្រោងសន្ដិសុខសង្គមនេះ ដល់បុគ្គលស្វ័យនិយោជន៍ទាំងអស់ក្នុងប្រទេសកម្ពុជា។

កាលពីដើមឆ្នាំនេះ អង្គការហ្រ្គេត ប.ស.ស និង AFD ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយដើម្បីចាប់ផ្តើមគម្រោងសិក្សាលទ្ធភាពលើការរួមបញ្ចូលអ្នកបម្រើការក្នុងវិស័យកសិកម្មទៅក្នុងរបបថ្នាក់ជាតិនេះ៕