(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួលព្រំប្រទល់រដ្ឋបាលពីរដ្ឋបាលខេត្តបាត់ដំបងជូនទៅឱ្យរដ្ឋបាលខេត្តប៉ៃលិន។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធរវាងខេត្តទាំង២ជាច្រើននាក់ផ្សេងទៀត។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលដូចខាងក្រោម៖

*កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៦.៦៨៥ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែជាខ្សែព្រំប្រទល់រដ្ឋបាល។
*កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយកាត់យកភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង នៃឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ១.៣៧៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកាត់យកភូមិកំពង់ចម្លងក្រោមនៃឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល៕