(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រី នៃមន្ទីរដែនដី សហការគ្នាដើម្បីធ្វើការងារចុះ បញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទៅតាមផែនការកំណត់។

លោក អ៊ុន ចាន់ដា បានថ្លែងថា ការងារដីធ្លី គឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រដ្ឋាភិបាល ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការអាទិភាពមួយដែល អាជ្ញាធរខេត្ត យកចិត្តទុកដាក់បំផុត។

ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លោកអភិបាលខេត្ត បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

*ទី១៖ លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ទូទាំងខេត្ត ពិនិត្យជារួមកន្លងមកសង្កេតឃើញថា ការងារនេះហាក់មានសន្ទុះខ្លាំងក្លា មានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសប្រជាពលរដ្ឋដែលបង្កលក្ខណៈឲ្យកិច្ចការងារនេះដំណើរការទៅដោយរលូន និងឈានតាមផែនការដែលបានកំណត់។

យោងតាមបទពិសោធន៍ល្អៗកន្លងមក លោកបានស្នើឲ្យមន្រ្តីដែលបានចូលរួមអនុវត្តនូវការងារនេះ បន្តស្នាដៃឲ្យបានសម្រេចនៅផែនការដែលបានដាក់ចុះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្ដុំប្រជាពលរដ្ឋអោយមានជំនឿ និងចូលរួមក្នុងសកម្មភាពការងារអោយបានខ្លាំងក្លា។

*ទី២៖ អភិបាលនៃគណៈអភិបាលស្រុក ត្រូវបង្កលក្ខណៈដល់មន្ត្រីដែលអនុវត្ត បានទៅបំពេញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

*ទី៣៖ អភិបាលនៃគណៈអភិបាលស្រុក ត្រូវសហការណ៍ជាមួយលោកមេឃុំ ប្រធានវាលដើម្បីជ្រើសរើស យកឃុំ ដែលមានលក្ខណៈងាយស្រួល និងមានទីផ្សាដីធ្លី អនុវត្តមុនដើម្បីប្រមូលទិន្នន័យបានលឿន និងចេញប័ណ្ណបានច្រើន ម្យ៉ាងទៀតបើតំបន់នោះមានទីផ្សាដីធ្លី យើងអាចប្រមូលពន្ធពីការលក់ទិញ ចូលថវិកាជាតិ។

*ទី៤៖ អភិបាលនៃគណៈអភិបាលស្រុកត្រូវពិនិត្យតាមដាន ការងាររបស់មន្ត្រីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយសហការណ៍ជាមួយ ចូលរួមដោះស្រាយអោយទាន់ពេលវេលា នៅពេលមានបញ្ហាកើតឡើងក្នុងតំបន់វិនិច្ឆ័យ។

*ទី៥៖ មន្ទីរ អង្គភាពពាក់ព័ន្ធនានាត្រូវចូលរួមកំណត់ព្រំប្រទល់ឲ្យបានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹកប្រឡាយ បឹង ឡូត៍នេសាទ។ល។

*ទី៦៖ លោកមេឃុំត្រូវជំរុញអោយលោកមេភូមិ អនុភូមិ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិជួយប្រមូលប្រជាពលរដ្ឋ មកចូលរួមកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ។

*ទី៧៖ ការងារដោះស្រាយវិវាទដីធ្លី បញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តកំពង់ចាម យើងសូមអោយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទនេះអោយមានការថយចុះ ជាលំដាប់ ។ដូចនេះទំនាស់ដែលនៅសេសសល់ទាំងប៉ុន្មាន នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ ស្នើសុំអោយគណៈកម្មការរដ្ឋបាលពន្លឿនការងារ ដោះស្រាយអោយបានឆាប់ ដើម្បីបូកសរុបរបាយការណ៍រដ្ឋបាល សម្រាប់ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរ ការងារដោះស្រាយវិវាទនេះដោយយកតាមរយៈយន្តការដោះស្រាយវិវាទដីធ្លីដែលមានស្រាប់ ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ សំដៅបង្កើនសុខដុមរម្យនីយកម្មក្នុងសង្គម ។

*ទី៨៖ ការងារបម្រើសេវាសាធារណៈអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្តកំពង់ចាម ការពង្រឹងការអនុវត្តនូវតារាងកម្រៃសេវា និងរយៈពេលនិមួយៗ ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ត្រូវបានលើកកំពស់តាមរយៈការពង្រឹងការផ្តល់សេវាតាមដែលបានកំណត់ រួមទាំងការពង្រឹងវិន័យការងារចំពោះមន្ត្រីសាធារណៈ សំដៅរួមគ្នាលើកកំពស់ប្រសិទ្ធិភាព គណនេយ្យភាព តម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

*ទី៩៖ ត្រូវបង្កើនសាមគ្គីផ្ទៃក្នុងអង្គភាព ត្រូវលើកកំពស់យុត្តិធម៌ និងសមធម៌ ដោយមិនមានការរើសអើង ការប្រកាន់បក្ខពួក ឋានៈនិងនិន្នាការនយោបាយ៕