(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចកាប្រជុំត្រួតពិនិត្យ និងដោះស្រាយករណីការទន្ទ្រានកាន់កាប់ និងប្រើប្រាស់ដីដោយខុសច្បាប់របស់ប្រជាពលរដ្ឋលើដីរបស់ ក្រុមហ៊ុន កាម៉ាដេនូ វេនស្ទ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន មេហ្គា ស្តា ប្រូ ឌ្យូស អីមផត អ៉ិមផត ស្ថិតនៅឃុំអូរគ្រៀង ឃុំក្បាលដំរី ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធខេត្ត-ស្រុក អាជ្ញាធរឃុំ និងតំណាងក្រុមហ៊ុនវិនិយោគ។

លោក គង់ គឹមនី បានគូសបញ្ជាក់ថា ការងារដីធ្លីខាងនេះ គឺជាបន្ទុករបស់អាជ្ញាធរភូមិ ឃុំ ក្នុងការពិនិត្យតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់មូលដ្ឋាន ហើយរាល់បញ្ហាកើតមានត្រូវធ្វើការគ្រប់គ្រងដោះស្រាយ និងរាយការណ៍មកថ្នាក់លើឱ្យបានជ្រាបនិងដើម្បីរកវិធីដោះស្រាយជូន ក្នុងករណីលើសដែនសមត្ថភាពរបស់ខ្លួន ចៀសវាងការទុកឱ្យបញ្ហា និងសំណូមពរក៏ដូចជាទំនាស់នៅមូលដ្ឋានទុកឱ្យទុំជោរ ដោះស្រាយលែងបានទើបរាយការណ៍ និងសុំជំនួយអន្តរាគមន៍។

លោកបន្តទៀតថា នៅរយៈពេលខាងមុខនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្មនឹងចុះមកពិនិត្យអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនដែលទទួលបានសម្បាទានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ហើយបាននិងកំពុងវិនិយោគលើដី សម្បទានសេដ្ឋកិច្ច ថាតើក្រុមហ៊ុនទាំងអស់នោះបានធ្វើការដាំដុះ និងអភិវឌ្ឍន៍លើដីដែលទទួលបានសិទ្ធិវិនិយោគបានប៉ុន្មានភាគរយហើយ ដើម្បីជាធាតុចូលរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

ចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធិត្រូវរៀបចំផែនការនៃការដាំដុះអភិវឌ្ឍន៍របស់ខ្លួន និងរៀបចំចងក្រងច្បាប់កំណត់ព្រំដីរបស់ខ្លួនឱ្យបានច្បាស់ ដើម្បចៀសវាងការរំលោភចូលកាប់ទន្រ្ទាន និងស្នាក់អាស្រ័យផលពីប្រជាពលរដ្ឋ ស្របពេលដែលក្រុមហ៊ុនធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា និងទីតាំងមួយចំនួនដែលក្រុមហ៊ុនមិនទាន់ធ្វើការដាំដុះ។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់ក្រុមការងារចម្រុះត្រូវរៀបចំពេលវេលា ដើម្បីចុះទៅដល់ទីតាំងមូលដ្ឋានផ្ទាល់ដើម្បីពិនិត្យ និងសម្របសម្រួលស្រាវជ្រាវជាក់ស្តែងទៅលើសំណុំរឿងទាំងនេះ ដើម្បីចាត់វិធានការនីតិវិធីច្បាប់, ក្រុមហ៊ុនត្រូវគោរពនិងអនុវត្តទៅតាមកិច្ចសន្យារបស់ខ្លួន និងត្រូវចុះពិនិត្យទីតាំងដីអនុតំបន់នីមួយៗ ដែលពុំទាន់បានធ្វើការដាំដុះ ដើម្បីបង្ការការចូលស្នាក់អាស្រ័យផល និងទន្រ្ទានយកដីពីសំណាក់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការងារគ្រប់គ្រងដីនេះឱ្យបានច្បាស់ ត្រូវពង្រឹងការណែនាំដល់សន្តិសុខយាមដី កុំឱ្យចាញ់បោកមេខ្យល់ បើកដៃឱ្យប្រជាពលរដ្ឋចូលកាប់និងស្នាក់នៅ ក្រុមហ៊ុនត្រូវបោះបង្គោលព្រំការពារ តំបន់ដីដែលប្រឈមការទន្រ្ទាន, មន្ទីរកសិកម្ម ត្រូវពិនិត្យឡើងវិញអំពីការស្នើសុំឈូសឆាយដីព្រៃរបស់ក្រុមហ៊ុន, សុំឱ្យមេឃុំចុះស្រង់ចំនួន និងនៃប្រវត្តិប្រជាពលរដ្ឋដែលចូលកាប់ដីក្រុមហ៊ុន និងស្រង់ចំនួនដីដែលប្រជាពលរដ្ឋបាននឹងកំពុងកាន់កាប់ទន្រ្ទាន, ក្រុមការងារខេត្តស្រុក-ឃុំ ត្រូវធ្វើការពិនិត្យនិងណែនាំភូមិអំពីការទប់ស្កាត់នៃការបោះត្រាលើឯកសារស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ហើយស្រុកត្រូវធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹង និងដើម្បីឱ្យបងប្អូនមកដាក់ពាក្យស្នើសុំដីទៅតាមនីតិវិធី៕