(ស្វាយរៀង)៖ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយមន្ត្រីមន្ទីរសាធារណការខេត្តស្វាយរៀង បានចុះឃាត់រថយន្តដឹកទំនិញធុនយក្ស ដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ ដោយរកឃើញដឹកលើសទម្ងន់៨គ្រឿង រួចបានធ្វើការផាកពិន័យផងដែរ។

ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចច្រមុះជ្រូករូបគោ២ ភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

ក្រុមអាជីវករដឹកស្រូវម្នាក់ បានលើកឡើងថា គាត់ជាអាជីវករ អ្នកប្រមូលទិញស្រូវពីប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដឹកតាមរថយន្តមកលក់នៅច្រកទ្វារអន្តរជាតិព្រៃវល្ល៍ស្រុកកំពង់រោទ៌។ រថយន្តរបស់គាត់ ជាប្រភេទវ៉េអង ផ្ទុកទម្ងន់៣៥តោន ក៏ប៉ុន្តែបើខ្លួនដឹកតាមទម្ងន់កំណត់គឺគ្មានចំណេញទេ។

អាជីវករលើកឡើងទៀតថា ស្រូវទិញពីប្រជាពលរដ្ឋផ្ទាល់ ហើយដឹកមកដល់កំពង់ទូកលក់ឲ្យវៀតណាមគឺក្នុង១គីឡូ ចំណេញបាន៣០រៀល គិតជាលុយខ្មែរ ដូច្នេះចំណេញសរុប១,០៥,០០០រៀល។ ហើយទូទាត់ការចំណាយសេវា សមត្ថកិច្ចតាមដងផ្លូវពីខេត្តកំពង់ធំ ដល់ចំណតទូកអស់ ២៥០,០០០រៀល ចំណាយទៅលើប្រេងម៉ាស៊ូត ទៅមក៩០លីត្រ អស់៤២០,០០០រៀល (ចំណាយសរុប៦៧០,០០០រៀល) នៅសល់ប្រាក់ចំណេញសុទ្ធតែ ៣៨០,០០០រៀលប៉ុណ្ណោះ ហើយបើកាត់ចំណាយលើអាហារហូបចុក៨០,០០០រៀលទៀត នៅសល់តែ ៣០០,០០០រៀលគត់។ ប្រសិនថ្ងៃណារថយន្តខូចរកតែប្រាក់បាយទឹកក៏គ្មានដែរ ទើបដឹកលើស១០តោនបាន ៣០០,០០០រៀល ចំណេញបាន ៦០០,០០០រៀល ទើបទប់ការចំណាយលើប្តូរប្រេងម៉ាស៊ីន និងប្តូសំបករថយន្ត។

អាជីវករបានបញ្ជាក់ថា ប៉ុន្តែពេលណាសមត្ថកិច្ចក្រសួងចុះដាក់ជញ្ជីងចល័តចាប់ គឺផាកពិន័យលើសទម្ងន់១០តោន គិតក្នុង១តោន ៣០ម៉ឺន គុណ ១០តោន ស្មើ៣,០០០,០០០រៀល ដូច្នេះរកតែលុយផឹកទឹកសុទ្ធក៏គ្មានផង។

ទាក់ទិនករណីនេះ មន្ត្រីមន្ទីរសាធារណការខេត្តស្វាយរៀង បានឲ្យដឹងថា ការឃាត់រថយន្តដឹកទំនិញលើសទម្ងន់នេះ គឺក្រុមការងារបច្ចេកទេស (ជញ្ជីងចល័ត) ក្រសួងចុះពិនិត្យទម្ងន់យានយន្តដឹកទំនិញ ដឹកស្រូវ ដឹកថ្ម ដឹកខ្សាច់ ដឹកដី ។ លើសទម្ងន់ធ្វើការផាកពិន័យ និងអប់រំធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដឹកលើសទម្ងន់។

ទោះយ៉ាងណាលទ្ធផលជាក់ស្ដែង សមត្ថកិច្ចជំនាញពុំបានរកឃើញរថយន្តដែលលើសទម្ងន់ត្រូវពិន័យក្នុងរយៈពេលមួយឆ្នាំនោះទេ គឺបានរកឃើញរថយន្តចំនួនតែ ៨គ្រឿងប៉ុណ្ណោះ ដែលត្រូវធ្វើការផាកវិន័យ។

ពលរដ្ឋបានសាទរចំណាត់ការរបស់សមត្ថកិច្ចដែលអនុវត្តច្បាប់ ផាកពិន័យលើរថយន្តល្មើសដឹកទំនិញលើសទម្ងន់ដែលបង្កឲ្យស្រុតខូចផ្លូវ។ ចំណែកក្រុមអាជីវករវិញបានសំណូមពរថា បើម្ចាស់រថយន្តដឹកទំនិញ តាមទម្ងន់ដែលច្បាប់កំណត់ (អត់លើសទម្ងន់) សូមសមត្ថកិច្ចតាមដងផ្លូវឈប់ដាក់កុងត្រូលយកប្រាក់ពីប្រជាពលរដ្ឋផង៕