(ភ្នំពេញ)៖ ក្រុមហ៊ុន ជេធី អ៊ិនធើណេសិនណល (ខេមបូឌា) ឯ .ក (JTI) ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេ ត្រូវទទួលស្គាល់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេចំណាត់ថ្នាក់លេខ ៣៤ ហើយទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងព្រះរាជាណាចក្រសម្រាប់ឆ្នាំ២០២២។
ការទទួលស្គាល់នេះត្រូវបានផ្តល់ឱ្យក្រុមហ៊ុន JTI សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអនុលោមតាមបទប្បញ្ញត្តិពន្ធនៃព្រះរាជាណាចក្រកម្ពុជា ដែលជាចំណែកដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ នេះជាលើកទីពីរហើយដែលក្រុមហ៊ុន JTI Cambodia ទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាពបែបនេះពីសម្តេច ហ៊ុន សែន ដែលកាលពីឆ្នាំ២០២០ ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់ទី២២។
លោក រ៉យ ម៉ាណាលីលី (Roy Manalili) អគ្គនាយកក្រុមហ៊ុន JTI Cambodia បានមានប្រសាសន៍ថា «យើងមានកិត្តិយសណាស់ដែលទទួលបានការទទួលស្គាល់នេះពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនជប៉ុនដែលអនុលោមតាមគោលការណ៍ យើងប្តេជ្ញាចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសដែលយើងធ្វើប្រតិបត្តិការ ហើយយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលដើម្បីជ្រោមជ្រែងដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា»។
ក្រុមហ៊ុន JTI ក៏បានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការកែលម្អរ នូវបរិក្ខាររបស់ខ្លួន ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម និងផ្តល់ជូនបុគ្គលិករបស់ខ្លួននូវកន្លែងធ្វើការលំដាប់ពិភពលោក។ កាលពីដើមខែនេះ JTI បានបើកសម្ពោធមជ្ឈមណ្ឌលចែកចាយថ្មីនៅខេត្តសៀមរាប។ ហើយកាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុនបានបើកជាផ្លូវការនូវទីស្នាក់ការកណ្តាលលំដាប់ពិភពលោកថ្មីមួយនៅអគារ GIA ដែលមានទីតាំងនៅកោះពេជ្រ។
លើសពីនេះ ផ្នែកមួយនៃប្រាក់ចំណេញប្រចាំឆ្នាំរបស់ JTI ត្រូវបានវិនិយោគត្រឡប់មកវិញ ដើម្បីជួយដល់សហគមន៍ដែលងាយរងគ្រោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធីវិនិយោគសហគមន៍របស់ខ្លួន។ កម្មវិធីទាំងនេះផ្តោតលើសរសរសំខាន់ៗចំនួនបី៖ ការកាត់បន្ថយវិសមភាព ការការពារបរិស្ថាន និងការជួយឱ្យមានភាពធន់នៅសហគមន៍ក្នុងតំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ។
មកទល់ពេលនេះ ក្រុមហ៊ុន JTI នៅតែជាក្រុមហ៊ុនដំបូង និងតែមួយគត់នៅក្នុងព្រះរាជាណាចក្រដែលត្រូវបានបញ្ជាក់ជានិយោជកកំពូលសកលដោយវិទ្យាស្ថាននិយោជកឆ្នើម (Top Employers Institute) នៅទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់។ ក្នុងនាមជានិយោជកឆ្នើម ក្រុមហ៊ុន JTI ផ្តល់នូវលក្ខខណ្ឌការងារដ៏ល្អ អត្ថប្រយោជន៍ប្រកួតប្រជែង ឱកាសស្មើគ្នានិងប្រាក់ឈ្នួលស្មើគ្នា ឱកាសសិក្សានិងការអភិវឌ្ឍន៍ខ្លួនប្រកបដោយអត្ថន័យ ហើយជាពិសេសសុខុមាលភាពរបស់បុគ្គលិកតាមរយៈគំនិតផ្តួចផ្តើមឈានមុខគេលើពិភពលោកក្នុងការផ្តល់លក្ខខណ្ឌការងារល្អប្រសើរដូចជា របៀបថ្មីនៃការធ្វើការងារ (NWOW) ដែលប្រកបដោយនវានុវត្តន៍ ការធ្វើការងារពីចម្ងាយដែលមានភាពបត់បែន និង គោលការណ៍ឈប់សម្រាកលក្ខណៈគ្រួសារជាសកល សម្រាប់ការឈប់សម្រាករបស់ឪពុកម្តាយនៅក្នុងរយៈពេល៥ខែ ជាមួយនឹងប្រាក់ខែគោលពេញ ១០០% ផ្តល់ជូនដល់បុគ្គលិកទាំងអស់ដោយមិនគិតពីភេទ ទំនោរផ្លូវភេទ ឬថាតើនិយោជិតក្លាយជាឪពុកម្តាយដោយការសម្រាលកូន ឬតាមរយៈការសុំកូនចិញ្ចឹម ឬពពោះជំនួស៕