(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ (ILO) កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។

ការណ៍នេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងសហការី នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តីបានលើកឡើងថា អង្គការអន្តរជាតិខាងការងារបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួង និងដៃគូត្រីភាគីក្នុងការចូលរួមអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។ តាមរយ:លទ្ធផលនៃការអនុវត្តគម្រោងនានា នៃកិច្ចសហប្រតិបត្តិការបានបង្ហាញថាភាពជាដៃគូរវាងក្រសួង និងអង្គការ ILO នៅតែមានភាពចាំបាច់មិនអាចខ្វះបាន ដែលត្រូវតែខិតខំរួមគ្នាក្នុងការបង្កើតនូវគម្រោងថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។

លោករដ្ឋមន្រ្តីគាំទ្រឱ្យមានកិច្ចប្រជុំនាដើមខែមេសានេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីការងារសមរម្យដំណាក់កាលទី៦ ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដែលនឹងដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណសម្រាប់អាណត្តិទី៧។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ ILO ដែលលោក Graeme Buckley បានលើកឡើងពីគំនិតផ្តួចផ្តើមចង់បង្កើតឱ្យមានគម្រោងជួយដល់ការអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ឱ្យអង្គការ ILO ធ្វើជាអ្នកសម្របសម្រួលគម្រោងនេះដោយមានអ្នកបច្ចេកទេស ជួយលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: ទាំងការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានគាំទ្រផងដែរចំពោះគម្រោងដែលចង់ជួយដល់ការធ្វើឱ្យប្រសើរនូវសុវត្ថិភាពធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនរបស់កម្មកររបស់និយោជិត ដែលនេះឆ្លើយតបទាំងស្រុងទៅនឹងអនុសាសន៍ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ក្នុងអំឡុងពេលចុះជួបសួរសុខទុក្ខកម្មកនិយោជិតកន្លងមក។

លោករដ្ឋមន្រ្តីបានស្នើឱ្យគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក និងបេឡាជាតិសន្តិសុខសង្គម ដែលមានយន្តការជាក្រុមការងារសុវត្ថិភាពចរាចរផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ដើម្បីបង្កើតឱ្យមានស្តង់ដាសមស្របមួយ កំណត់នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព។ ពាក់ព័ន្ធនឹងគម្រោងនេះក៏មានការចូលរួមគិតគូពីទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ដែលក្នុងនោះគណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ដែលចូលរួមផ្តល់មូលនិធិសម្រាប់សុវត្ថិភាពផ្លូវថ្នល់ អង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF និងអង្គការ ILO និងអង្គការមូលនិធិរបួសអាស៊ី (AIP) ក៏បានធ្វើសកម្មភាពផ្សព្វផ្សាយការយល់ដឹងជាច្រើនផងដែរ។

លោក Graeme Buckley បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី និងសម្ដែងនូវការពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពលកន្លងមក ដែលទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ៕