(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរ ក្រុង សង្កាត់ ភូមិ ត្រូវតែយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋឲ្យបានល្អ ហើយត្រូវគិតពីតម្រូវការ និងសុខទុក្ខរបស់ពលរដ្ឋជាចំបង ហើយលោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់ពលរដ្ឋផងដែរថា ប្រសិនបើមានមន្ត្រីណាម្នាក់បំរើ ឬផ្តល់សេវាជូនបងប្អូនមិនបានល្អ សូមរាយការណ៍ជូនលោកដែលជាអភិបាលខេត្ត ក៏ជាក្នុងនាមសមាជិកមួយរូប ក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តនេះផងដែរ។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្ត ម៉ៅ ធនិន ដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ទាំងបី នៃក្រុងបូកគោ រួមមានសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក ដោយមានប្រជាពលរដ្ឋចូលរួម ប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរវេណវត្តព្រែកអំពិល ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច និងក្នុងបរិវេណវត្តរការ ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ។

ទន្ទឹមនេះ លោកអភិបាលខេត្ត បន្ដថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលដែលសម្តេចលះបង់គ្រប់បែបយ៉ាង ដើម្បីយកមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន សម្តេចបានបន្តខិតខំអភិវឌ្ឍន៍ប្រទេសជាតិ យកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយចាត់ទុក សុខទុក្ខ របស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេច។ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រោមម្លប់នៃសុខសន្តិភាព សម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងក្តីកង្វាល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយសម្តេចតែងតែណែនាំ និងជំរុញជានិច្ចដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ និងត្រូវដឹងពីតម្រូវការផ្សេងៗរបស់ពួកគាត់។ ហើយការចុះមកសំណេះសំណាលនាពេលនេះ គឺជាទំលាប់មួយក្នុងការចង់ដឹងពីសុខទុក្ខ និងការខ្វះខាតរបស់ពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ព្រមទាំងដើម្បីទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗពីពលរដ្ឋ។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសំដែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវសុខសន្តិភាពជូនពួកគាត់ ហើយបានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ មិនថានៅទីក្រុង ជនបទ ឬតំបន់ដាច់ស្រយាលនោះឡើយ។

ពលរដ្ឋបានបន្តថា ដោយសារកតា្តសុខសន្តិភាពនេះហើយ ទើបធ្វើឲ្យពួកគាត់មានជីវភាពធូធារ អាចប្រកបមុខរបរទៅតាមចំណង់ចំណូលចិត្ត។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ ដល់លោក ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែចុះមកជួបជាមួយប្រជាពលរដ្ឋ ដល់មូលដ្ឋានដោយផ្ទាល់ និងបានធ្វើការដោះស្រាយរាល់ទំនាស់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ៕