(ត្បូងឃ្មុំ)៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ណុប ឡងឌី អភិបាលរងខេត្ត។

កិច្ចប្រជុំនេះ ត្រូវបានប្រាព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង ៧ មេបញ្ជាការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។

នាឱកាសនេះ លោកវរសេនីយីយ៍ឯក ឡាយ ឧត្តម ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលនគរបាលសម្រេចបាន ក្នុងឆ្នាំ២០២២។ ដោយបានលើកពីចំនុចខ្លាំង ចំនុចខ្សោយ ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍បន្តនៅឆ្នាំបន្ទាប់។

ថ្លែងទៅកាន់កងកម្លាំង លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា បានក្រើនរំលឹក ដល់គ្រប់កងកម្លាំងនគរបាលក្នុងខេត្តទាំងអស់ ជាពិសេសតាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តីពេលផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោស្នងការ បន្តថា នគរបាលចរាចរណ៍ ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ ។

លោកថា កម្លាំងនគរបាល ត្រូវបន្តសម្របសម្រួលពន្លឿនការធ្វើអត្តសញ្ញាណបណ្ឌជូនពលរដ្ឋ ពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ គ្រប់គ្រងអោយបាននៅករណីឆក់ក្នុងមូលដ្ឋាន និងការបង្រ្កាបក្មេងទំនើង ផងដែរ ។ ជាងនេះទៀត កម្លាំងនគរបាលការពារព្រំដែនត្រូវទប់ស្កាត់ ឲ្យបានរាល់បទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទ ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។

បន្ថែមពីនេះ លោកឧត្តមសេនីយទោ ម៉ុន មាគ៌ា ស្នងការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំង នគរបាលគ្រប់ជំនាញពាក់ព័ន្ធ និងបានអំពាវនាវ ឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា ឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្តតួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង។

លើសពីនេះទៀត តាមស្រុកនីមួយៗ គោលដៅស្មុគស្មាញត្រូវជម្រុញឲ្យពលរដ្ឋ ដាក់កាមេរ៉ាសុវត្ថិភាព ដើម្បីឲ្យជំនាញ ងាយក្នុងការស៊ីបអង្កេតបង្ការ បង្ក្រាបបទល្មើសដែលកើតឡើង ជាយថាហេតុសំដៅធានាឲ្យបានសន្តិសុខ សុវត្ថិភាព ១០០% ជូនពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានថ្លែងថា សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ បទល្មើសនៅខេត្តត្បូងឃ្មុំ មានការថយចុះ នេះដោយសារការខិតខំប្រឹងប្រែង ពីកិច្ចសហការរបស់កម្លាំងនគរបាលទាំងអស់។

លោកឧត្តមសេនីយ៍អគ្គស្នងរងនគរបាលជាតិ បានលើកឡើងផងដែរ មុនចូលឆ្នាំ អាចប្រឈមបទល្មើសកើតឡើង ដោយសារប្រជាពលរដ្ឋភាគច្រើន ចេញទៅស្រុកកំណើត ដែលប្រឈមបទល្មើសលួច ចោរលួចគាស់ និងគ្រោះអគ្គិភ័យជាដើម ដូច្នេះកងកម្លាំងនគរបាលទាំងអស់ ត្រូវមានការប្រចាំការ និងរឹតបន្តឹងឲ្យបានខ្លាំងក្លាបន្ថែមទៀតជាពិសេសត្រូវត្រៀមអន្ដរាគមន៍គ្រប់ពេលវេលា ដោយរង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ នៅពេលមានករណីចាំបាច់ណាមួយកើតឡើង។

ក្នុឱកាសនោះ គណៈអធិបតី ក៏បានប្រគល់ប័ណ្ណសសើរ ជូនដល់នាយការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង ៧ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ផងដែរ ៕