(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងលើកឡើងពីការព្រមាននៃការធ្លាក់ចុះ សេដ្ឋកិច្ចសកល ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក ជាដើម។

ទោះបីមានការព្រមាន ពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលក្តី សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មិនគួរឡើងភ័យស្លន់ស្លោជ្រុល ហើយនាំគ្នាទៅដកលុយចេញពីធនាគារនោះទេ។

សម្តេចតេជោ ហ៊ុន សែន រំពឹងថាប្រទេសមានសេដ្ឋកិច្ចធំៗ នៅក្នុងពិភពលោកនឹងរកបានវិធីសាស្ត្រគ្រប់គ្រងសេដ្ឋកិច្ច ដើម្បីកុំឲ្យធ្លាក់បន្ថែមទៀត។

សម្តេចបន្ថែមទៀតថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារវិបត្តិនៃជំងកូវីដ១៩ គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មជាឯកតោភាគី បូកជាមួយបញ្ហាសង្គ្រាម ដែលចាប់ផ្តើមរវាងរុស្ស៉ី និងអ៊ុយក្រែន បានបង្កើតនូវស្ថានភាពដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចសកល។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសរអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ បញ្ហាសេដ្ឋកិច្ចកំពុងតែប្រកាសអាសន្ន យើងខ្ញុំគិតថាការប្រកាសអាសន្ននេះ យើងក៏មិនគួរភ័យជ្រុល រហូតដល់នាំគ្នាទៅដកលុយចេញពីធនាគារទេ។ IMF [មូលនិធិរូបិយវត្ថុពិភពលោក] ក៏ដូចជាធនាគារពិភពលោក [World Bank] ចេញមកព្រមានអំពីហានិភ័យនៃការធ្លាក់ចុះ សេដ្ឋកិច្ចសកលម្តងហើយម្តងទៀត ដែលខ្ញុំគិតថា ការព្រមាននោះ គឺវាជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននោះវាក្លាយជាចិត្តសាស្ត្រមួយដែរ សម្រាប់ប្រជាពលរដ្ឋដែលទៅដកលុយ ធនាគារអាមេរិករលំមួយចំនួន ហើយមួយចំនួនទៀត គឺហាក់ដូចជាមានសញ្ញា ទៅដកលុយចេញពីធនាគារ ដែលនាំគ្នាដកច្រើនពេកធ្វើឲ្យធនាគាររលំ ប៉ុន្តែកម្ពុជាមិនទាន់កម្រិតប៉ុណ្ណឹងទេ បើទោះបីជាមានការព្រមាននៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចក៏ដោយចុះ»

សូមជម្រាបថា ព័ត៌មានអន្តរជាតិធំៗ បានស្រង់សំដីប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ដោយបានធ្វើការព្រមានពីហានិភ័យ ចំពោះស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង និងអំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀត។

លោកស្រីថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយកំណើនសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះមកនៅក្រោម ៣ភាគរយ ដោយសារផលវិបាកពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។

មូលនិធិ IMF ដែលបានព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកចំនួន ២.៩ភាគរយនៅឆ្នាំនេះ គ្រោងនឹងចេញផ្សាយការព្យាករថ្មីនៅខែក្រោយ។ មូលនិធិ IMF កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រទេសដែលងាយរងគ្រោះបំផុត ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាប ដែលមានកម្រិតបំណុលខ្ពស់។

ដោយឡែក ធនាគារពិភពលោក (WB) បានព្រមានថា កំណើនសេដ្ឋកិច្ចសកលជាមធ្យមនឹងធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលបីទសវត្សរ៍ គឺ ២.២ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែលឈានទៅដល់រយៈពេលមួយហៅថា «មួយទសវត្សរ៍ដែលបាត់បង់» សម្រាប់សេដ្ឋកិច្ចពិភពលោក។ ដើម្បីជៀសផុតពីផលវិបាកនេះ លុះត្រាតែអ្នកបង្កើតគោលនយោបាយ អនុម័តគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងការជំរុញការផ្គត់ផ្គង់កម្លាំងពលកម្ម ផលិតភាព និងការវិនិយោគ៕