(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានស្នើសុំការយោគយល់ និងអធ្យាស្រ័យចំពោះការខកខានមិនបានចូលរួម ការបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ហើយការខកខាននេះ ដោយសារតែរដ្ឋសភាទម្លាក់កម្មវិធីយឺតជាងកម្មវិធីរបស់សម្ដេច។

ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្មវិធីដែលសម្ដេចអញ្ជើញជាអធិបតីភាពនៅពេលនេះ បានកំណត់ប្រមាណ១ខែមុន ខណៈកម្មវិធីសភាសម្ដេចទើបទទួលបាន១សប្ដាហ៍មុនប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះអភ័យទោសពីរដ្ឋសភា ដែលថ្ងៃនេះត្រូវបើកបវេសនកាល មានទាំងព្រះរាជសាររបស់ព្រះមហាក្សត្រផង ប៉ុន្ដែខ្ញុំគិតថា មិនមែនជាកំហុសរបស់ខ្ញុំទេ ដោយសារសភាទម្លាក់កម្មវិធីមកត្រឹមតែមួយអាទិត្យ នៅពេលដែលគម្រោងចុះក្នុងបញ្ជីកម្មវិធីនេះ គឺដាក់មិនតិចជាង១ខែទេ តែសភាបានដាក់កម្មវិធីប្រញាប់ប្រញាល់មួយ សង្ឃឺមថាថ្ងៃក្រោយសភាកំណត់ពេលវេលាលឿនជាងនេះ»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលមានការងារច្រើនខ្លាំងណាស់ សូម្បីតែគម្រោងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី៣១ ខែមីនាស្អែកនេះ អនុញ្ញាតឲ្យដាក់របៀបវារៈតែពីរប៉ុណ្ណោះ ប៉ុន្ដែទីស្ដីការគណៈរដ្ឋមន្ដ្រីដាក់របៀបវារៈដល់ទៅ៦ឯណោះ។ ត្រង់ចំណុចនេះសម្ដេចគូសបញ្ជាក់ថា កិច្ចប្រជុំនឹងបញ្ចប់ត្រឹមម៉ោង១១ប៉ុណ្ណោះ ហើយបើមិនទាន់បញ្ចប់ត្រូវលើកទៅពេលក្រោយ។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា សម្ដេចពិតជាមានការហត់នឿយ ប៉ុន្ដែមិនអាចបញ្ឈប់បាននោះទេ ព្រោះមិនមានអ្នកណាអាចជំនួសបានឡើយ។

សូមជម្រាបថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០៥រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ មានចំនួន ៣ គឺ៖

១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២៖ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕