(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថាមានមន្ត្រីខ្លះឱ្យភរិយារៀបចំហុងស៊ុយកន្លែងធ្វើការ លូកលាន់កិច្ចការរបស់ប្តី ប៉ុន្តែ ចុងក្រោយបាត់បង់អស់តំណែង។ ដោយឡែកសម្រាប់ភរិយារបស់សម្តេច គឺមិនដែលលូកលាន់កិច្ចការងារណាមួយ ឬទៅរៀបចំបង្វែរហុងស៊ុយនៅកន្លែងធ្វើការ របស់សម្តេចនោះទេ។

ការរំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានជួបជាមួយដៃគូខ្លះដែលធ្វើការជាមួយខ្ញុំ សុំនិយាយដើមបន្តិចចុះប្រពន្ធឡើងទៅរៀបចំការិយាល័យ ធ្វើរដ្ឋមន្ត្រីក៏មាន ធ្វើឧបនាយករដ្ឋមន្ត្រីក៏មាន ធ្វើដល់នាយករដ្ឋមន្ត្រីក៏មាន ប្រពន្ធឡើងទោរៀបចំការិយាល័យ បង្វែរហុងស៊ុយទៅខាងនេះ ទៅខាងណោះ ទីចុងបំផុតរលាយទាំងអស់។ ប្រពន្ធខ្ញុំ មិនដែលទៅប៉ះពាល់ការិយាល័យរបស់ខ្ញុំទេ តែគាត់ទៅមិនមែនទៅមើលការងារខ្ញុំទេ គាត់ទៅគ្រាន់តែអង្គុយរង់ចាំខ្ញុំ ដើម្បីចូលរួមកម្មវិធីណាមួយ គាត់មិនដែលទៅប្រាប់ថាត្រូវបែរមុខទៅខាងណេះ បែរមុខទៅខាងណោះគឺអត់ទេ...!»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សង្ឃឹមថាអ្នកបន្តវេន មិនថាកម្រិតណានោះទេ មិនបណ្តោយឱ្យភរិយាទៅរៀបចំបង្វែរហុងស៊ុយនៅការិយាល័យធ្វើការ។ ដើម្បីចៀសវាងមានការរិះគន់ថាភរិយាជាអ្នកលូកលាន់កិច្ចការងាររបស់ស្វាមីឱ្យសោះ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានតំណាលថា មានជាច្រើនសម្តីបានចេញពីប្រជាពលរដ្ឋតែម្តង ដោយគាត់បាននិយាយថា «លោកចៅហ្វាយខេត្ត គាត់មិនបញ្ហាទេ តែណាស់មីប្រពន្ធហ្នឹងតែម្តង» ឯមួយទៀត លោកចៅហ្វាយខេត្តទាំងប្តី ទាំងប្រពន្ធល្អណាស់ «ប៉ុនណាស់តែអាកូនហ្នឹងតែម្តង»

ប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖ «សូមប្រយ័ត្នណាកុំឱ្យប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ឱ្យសោះ អាហ្នឹងគ្រោះថ្នាក់ ហើយខ្ញុំមិនអត់អន់ទេ អារឿងសកម្មភាពកូនប្រើឥទ្ធិពលឪពុក»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្រាប់សម្តេច គឺមិនបណ្តែតបណ្តោយឱ្យកូន និងចៅប្រើប្រាស់ឥទ្ធិពលរបស់ឪពុក និងជីតាជាដាច់ខាត៕