(កោះកុង)៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាល បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ត្រូវបានប្រាព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង៦ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។

លោកវរសេនីយ៍ត្រី ស សារ៉ាត ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលនគរបាលសម្រេចបាន ក្នុងឆ្នាំ២០២២ ដោយបានលើកពីចំនុចខ្លាំង ចំនុចខ្សោយ ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍បន្តនៅឆ្នាំបន្ទាប់ដែលអនុវត្តបានដោយជោគជ័យ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោគង់ មនោ បានថ្លែងថា កងកម្លាំងនគរបាលក្នុងខេត្តស្រុកទាំងអស់ ជាពិសេសតាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញកាតព្វកិច្ចតួនាទីឲ្យបានល្អ ទៅតាមជំនាញមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការទាំងទ្រឹស្តី និងក្រមសីលធម៌ល្អពាក្យសម្តីពេលផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋគ្រប់ស្រុក និងមូលដ្ឋានដែលបងប្អូនទទួលយកបាន។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានបន្តថា កម្លាំងនគរជាតិគ្រប់ជំនាញ ហើយកម្លាំងនគរបាលចរាចរណ៍ ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់។

កម្លាំងនគរបាល ត្រូវបន្តសម្របសម្រួលពន្លឿនការធ្វើអត្តសញ្ញាណបណ្ឌជូនពលរដ្ឋ ពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ គ្រប់គ្រងឲ្យបាននៅករណីលួចឆក់ក្នុងមូលដ្ឋាន និងការបង្រ្កាបក្មេងទំនើងផងដែរ។ ជាងនេះទៀត កម្លាំងនគរបាលការពារព្រំដែនត្រូវទប់ស្កាត់ ឲ្យបានរាល់បទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទ ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។

លោកឧត្តមសេនីយទោស្នងការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំង នគរបាលគ្រប់ជំនាញពាក់ព័ន្ធ និងបានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា ឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្តតួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង។

លើសពីនេះទៀត តាមស្រុកនីមួយៗ គោលដៅស្មុគស្មាញត្រូវជម្រុញឲ្យពលរដ្ឋ ដាក់កាមេរ៉ាសុវត្ថិភាព និងផ្តល់ព័ត៌មានឲ្យបានរហ័សដើម្បីឲ្យជំនាញ ងាយក្នុងការស៊ីបអង្កេតបង្ការ បង្ក្រាបបទល្មើសដែលកើតឡើងជាយថាហេតុសំដៅធានាឲ្យបានសន្តិសុខ សុវត្ថិភាព ១០០% ជូនពលរដ្ឋក្នុងមូលដ្ឋាន ។

លោកឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើ ដល់មន្ត្រីកងកម្លាំងអធិការគ្រប់ស្រុកនាយប៉ុស្តិ៍ទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នា មានការទំនាក់ទំនងគ្នាឲ្យបានល្អ ដើម្បីការពារសន្តិសុខសង្គម និងភូមិ-ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន៕