(ភ្នំពេញ)៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦ (The 6th Policy Dialogue) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ភាគីបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងបង្កើនទំហំហិរញ្ញប្បទាន សហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី១០០ លានអឺរ៉ូ ទៅ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦នេះ, ខាងភាគីកម្ពុជាដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយនឹង សមភាគីបារាំង ដឹកនាំដោយលោកស្រី Marie-Helene LOISON អនុប្រធានប្រតិបត្តិរបស់ AFD ព្រមទាំងតំណាង ក្រសួង/ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធ នៃភាគីទាំងពីរ។

លោកស្រី Marie-Helene LOISON បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោក វង្សី វិស្សុត តំណាងរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ ការងារនៅប្រទេសបារាំង។ លោកស្រីបានលើកឡើង អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អ ជាយូរលុងរវាងប្រទេសទាំងពីរ ហើយដែលទើបត្រូវបានពូនជ្រុំ ជាពិសេសនាពេលថ្មីៗនេះ ដោយប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

លោកស្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះតួនាទីដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នជាដៃគូ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រពៃ នាពេលកន្លងមក។ លោកស្រីបានគូសបញ្ជាក់ថា បារាំងនៅតែបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរបស់កម្ពុជា ហើយថែមទាំងជួយកៀរគរហិរញ្ញប្បទានឥតសំណង ពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្រសកម្មភាពរបស់ AFD ឆ្នាំ២០២២-២០២៦ សម្រាប់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក វង្សី វិស្សុត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង តាមរយៈ AFD ចំពោះការគាំទ្រ យ៉ាងពេញទំហឹងដល់កិច្ចការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណាក់កាល នៃការស្វែងរកសន្តិភាព រហូតដល់ដំណាក់ កាលអភិវឌ្ឍន៍ប្រទេស ដោយគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

គិតចាប់ពីឆ្នាំ១៩៩៣ បារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៩២៧ លាន អឺរ៉ូ ក្នុងនោះ ឥណទានសម្បទានមានចំនួនប្រមាណ ៥៤៨ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ដោយផ្តោតលើ វិស័យកសិកម្ម, ធារាសាស្ត្រ, ទឹកស្អាត, ថាមពល, អប់រំ, សុខាភិបាល, ទេសចរណ៍, បរិស្ថាន, និងមីក្រូហិរញ្ញវត្ថុ ។ ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បាននិងកំពុងរួមចំណែក យ៉ាងសកម្មដល់ការទ្រទ្រង់ការអភិវឌ្ឍ និងការជំរុញកំណើន សេដ្ឋកិច្ច ស្របតាមកម្មវិធីនយោបាយ, យុទ្ធសាស្រ្តអភិវឌ្ឍន៍ និងអាទិភាពគោលនយោបាយសំខាន់ៗ ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា លទ្ធផល និងកិច្ចពិភាក្សាដ៏ស៊ីជម្រៅ នាឱកាសកិច្ចប្រជុំនេះ បានស្តែងឱ្យឃើញ អំពីសារៈប្រយោជន៍ នៃយន្តការទ្វេភាគីដ៏សំខាន់នេះ ក្នុងការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសទំនាក់់ទំនងភាពជាដៃគូអភិវឌ្ឍន៍ ក៏ដូចជាដោះស្រាយ និងបំពេញមហិច្ឆតា អភិវឌ្ឍន៍របស់កម្ពុជា ជាមួយនឹងធនធាន និងការគាំទ្រហិរញ្ញវត្ថុ ដែលផ្តល់ដោយរដ្ឋាភិបាលបារាំង ស្របតាមការឯកភាពគ្នា រវាងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង កាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ បានផ្តល់ឱកាស ដល់ភាគីទាំងពីរ ធ្វើការត្រួតពិនិត្យរួមគ្នា និងឯកភាពលើទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ ក្នុងវិស័យអាទិភាព ក៏ដូចជាបញ្ជីគម្រោង សម្រាប់បណ្តាឆ្នាំខាងមុខ។ ម្យ៉ាងវិញទៀត យន្តការនេះក៏បានជួយពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ របស់ក្រសួង ស្ថាប័នអនុវត្តគម្រោង ក្នុងការរៀបចំសម្រិតសម្រាំង និងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា ប្រកបដោយលទ្ធផលជាផ្លែផ្កា តាមគោលដៅដែលរំពឹងទុក៕