(ភ្នំពេញ)៖ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង បានគោរពថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ

និងគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ការអនុគ្រោះជាលើកទី២ ជូនរូបលោក។

ការថ្លែងអំណរគុណរបស់លោក យឹម ស៊ីណន បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកភរិយារបស់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ លោក យឹម ស៊ីណន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ថា ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការចោទប្រកាន់នេះ ក្រោយពេលលោក យឹម ស៊ីណន ចេញសារមួយពាក់ព័ន្ធនឹងព្រះមហាក្សត្រខ្មែរ។ តែនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ តុលាការបានបង្គាប់ឱ្យដោះលែងវិញ ក្រោយពេលលោកទទួលស្គាល់កំហុស និងបានទូលថ្វាយសូមព្រះរាជទានទោសពីព្រះមហាក្សត្រ។

នៅថ្ងៃទី២៨ ខែមីនា លោក ស៊ីណន ត្រូវបានចៅក្រមសាលាដំបូងរាជធានី អនុញ្ញាតឱ្យនៅក្រៅឃុំវិញ។ ការអនុញ្ញាតនេះ ក្រោយពេលភរិយារបស់លោក ស៊ីណន បានទទូចសូមការអភ័យទោស និងអនុគ្រោះ ពីសម្តេចតេជោ។ ក្នុងនោះ លោក ស៊ីណន បានទទួលស្គាល់កំហុសរបស់ខ្លួន។

«ក្នុងឱកាសនេះ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំពីចម្ងាយថ្វាយនូវការអរព្រះគុណគោរពជូនព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីជាទីគោរពដ៏ខ្ពង់ខ្ពស់ដែលទ្រង់បានសន្តោសប្រណីដល់ទូលបង្គំ។ ខ្ញុំសូមគោរពថ្លែងអំណរអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវការអនុគ្រោះជាលើកទី២ដល់រូបខ្ញុំ»។ នេះជាសារថ្លែងអំណរគុណរបស់លោក ស៊ីណន។

ទន្ទឹមការចេញសារថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងអរគុណសម្តេចតេជោហើយនោះ ក៏សូមឱ្យតុលាការទម្លាក់ចោលនូវរាល់បទចោទចំពោះលោក ដើម្បីលោកមានលទ្ធភាពក៏ដូចជាសេរីភាពពេញលេញក្នុងរស់នៅដូចពលរដ្ឋទូទៅ។

ក្នុងសារនេះ លោក ស៊ីណន បានគូសរំលេចដែរថា ការរស់នៅក្នុងគុករយៈពេល១៦៨ម៉ោង បានធ្វើឲ្យជីវិតលោកទទួលបាននូវរសជាតិបន្ថែមមួយបែបទៀតប្រៀបបានជាមេរៀន, ជាចំណោទ និងជាវិធីដោះស្រាយនៃវិញ្ញាសារជីវិតផងដែរ។

យ៉ាងណាក៏ដោយ លោក ស៊ីណន សង្ឃឹមថាការមានឈ្មោះជាអ្នកធ្លាប់ជាប់គុកនេះ នឹងមិនបង្កើតឲ្យមានការរើសអើងពីមិត្តភក្តិ និងសង្គមទាំងមូលចំពោះរូបលោកនោះឡើយ៕