(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហោះសារបញ្ជាក់ពីមរណភាព របស់ឧបាសក ឌី បូ ដែលត្រូវជាពូរបស់សម្តេច។

ឧបាសក ឌី បូ ត្រូវជាប្អូនប្រុសរបស់មហាឧបាសិកា ឌី ប៉ុក ម្តាយរបស់សម្តេចតេជោ បានទទួលមរណភាព កាលពីម៉ោង ១១៖៤៥នាទី ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុន បានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយខ្ញុំ ដែលមានព្រះជន្មយុ ១០២ឆ្នាំ។ ប្អូនប្រុសម្តាយខ្ញុំឈ្មៅ ឌី បូ បានទទួលមរណភាពកាលពីម៉ោង១១៖៤៥នាទី ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ។ ល្ងាចស្អែកខ្ញុំនឹងទៅដុតធូបដើម្បីគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរចុងក្រោយចំពោះលោកពូ»