(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកស្រី លំ គន្ធារី បានថ្លែងនេះ ក្នុងកិច្ចប្រជុំបូកសរុបត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានការចូលរួមពីប្រធានមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក អង្គការដៃគូជាច្រើន។

លោកស្រីសូមគោរពថ្លែងអំណរគុណដល់អង្គការដៃគូ និងមន្ទីរ-អង្គភាព ដែលបានសហការជាមួយគណៈកម្មាធិការ និងលេខាធិការដ្ឋាន ព.ខ.ប.ជ ថ្នាក់ខេត្តក្នុងការជួយពង្រឹងការអនុវត្តវិធីសាស្រ្តគាំទ្រ និងការពារប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យប្រសើរឡើងវិញនូវការអង្កេត ការប៉ះទង្គិចផ្នែកផ្លូវចិត្ត របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្សសំដៅ ការពារសុខុមាលភាព និងការកសាងទំនុកចិត្តរបស់ជនរងគ្រោះ ម្យ៉ាងវិញទៀតជួយសម្រួលដល់ ការសហការយ៉ាងប្រសើរជាមួយអ្នកអនុវត្តច្បាប់។

លោកស្រីបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកល ដែលនៅតែបន្តកើតមាន អាស្រ័យកត្តាសំខាន់៣ រួមមាន៖

*ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្មនិងផ្លូវភេទប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅ ក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពីជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែនដែលហៅថា អំពើជួលពពោះជំនួស។

លោកស្រីបន្តទៀតថា ការធ្វើទេសន្តរប្រវេសន៍គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បានហើយក៏មិនមែនសុទ្ធតែជាហានិភ័យគួរចៀសវាងដែរ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាសជូន ប្រជាពលរដ្ឋក្នុងការងារ បង្កើនប្រាក់ចំណូលទាំងនៅក្នុងស្រុក និងក្រៅស្រុកហើយពលករមួយចំនួនទទួលបានកម្រៃ និងលើកកម្ពស់ជីវភាពបានយ៉ាងល្អតាមការរំពឹងទុក ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។

ចុងក្រោយលោកស្រី លំ គន្ធារី ជំរុញទៅដល់ក្រុមការងារ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយបញ្ជ្រាបពីល្បិចកលរបស់ក្រុមជួញដូរនិងវីដេអូរឿងអាភាសរឿងដល់បងប្អូនប្រជាពលរដ្ឋ៕