(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ ផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣ ដល់កម្លាំងនគរបាលទូទាំងខេត្ត ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់បណ្តាស្រុក/ក្រុង លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ រាយការណ៍អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ កន្លងមក របស់ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនោះក៏មានការចាត់តាំង លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ចំនួន០៦ ឡើងធ្វើបទបង្ហាញ រាយការណ៍អំពីលទ្ធផលការងារសម្រេចបាន, លើកអំពីបញ្ហាប្រឈម និងសំណូមពរផងផ្សេងៗផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងបូកសរុបលទ្ធផលការងារដែលគ្រប់ផ្នែកពាក់ពន្ធ័ សម្រេចបាន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងសម្រេចបានលទ្ធផលជាទីមោទន:។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជំរុញដល់កម្លាំងនគរបាលទាំងអស់ត្រូវ៖

*គោរពវិន័យ
*ត្រូវត្រៀមកម្លាំងប្រចាំការយាមល្បាត ២៤ម៉ោងលើ២៤ម៉ោង
*ត្រៀមបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិផ្សេងៗ
*កម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញ វិជ្ជាជីវៈ បច្ចេកវិទ្យា
*ថ្នាក់ដឹកនាំគ្រប់អង្គភាពត្រូវពង្រឹងការកសាងនិងការដាំដុះ
*បន្តការផ្តល់សេវាសាធារណៈ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានល្អ
*បន្តអនុវត្តន៍ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យបានសន្តិសុខ សុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព៕