(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានាក្នុងវត្តពោធិ៍អណ្ដែត (វត្តទួលតាណាល) ភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានា នៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

សម្តេចក្រឡាហោម បានបន្តថា «សមិទ្ធផលទាំងអស់ដែលប្រទេសជាតិយើងសម្រេចបានរហូតមកទល់ពេលនេះ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្ត ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស»

សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ ត្រូវបង្កើនការអប់រំប្រជាពលរដ្ឋឲ្យចូលរួមបង្ការគ្រោះថ្នាក់នានាក្នុងសង្គម ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យមកលើ ផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។

ទន្ទឹមនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យនៅតាមអគារសំណង់នានា ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើន ការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃ នៅតាមមូលដ្ឋានរៀងៗខ្លួន។

ក្នុងនោះដែរលោក ចេម ប្រា អភិបាលស្រុកពារាំង បានឲ្យដឹងថា ព្រះវិហារនេះបានចាប់ផ្តើមកសាងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់មកនៅឆ្នាំ២០១៧ ព្រះតេជគុណធម្មរក្ខិតសា ករាជ ម៉ាន ជាព្រះចៅអធិការស្ដីទី វត្តពោធិអណ្ដែត ហៅវត្តទួលតាណាល។

ព្រះអង្គបានដឹកនាំកសាងព្រះវិហារ និងសមិទ្ធផលនានា បានកសាងរួចរាល់ ក៏ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា កើតឡើងដោយកម្លាំងសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជនជិតឆ្ងាយ ព្រមទាំងពុទ្ធបរិស័ទ ដែលចំណាយថវិកាអស់ ៥២១.១៥៣ដុល្លារ។

នៅក្នុងឱកាសនោះ សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស ២០ម៉ឺនរៀល និងទិសឥន្ទកិល ៣០ម៉ឺនរៀល ប្រគេនព្រះសង្ឃសម្រាប់កសាងវត្តចំនួន ៥០លានរៀលផងដែរ៕