(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវកា រកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងស្រាវជ្រាវរួមគ្នា ទៅលើម៉ាក់ផលិតផល ដែលបានចុះបញ្ជីស្រាប់ឱ្យទទួលបានតម្លៃបន្ថែម និងកាន់តែមានភាពទាក់ទាញ នៅលើទីផ្សារជាតិ និងអន្តរជាតិ។

​ពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោង សិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ​បានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង​លោក KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសជប៉ុន, សាស្ត្រាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

ការចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការនេះ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ដោយផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៤ គឺ (១) ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស ដល់ការស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញា (២) រៀបចំកម្មវិធីចែករំលែកចំណេះដឹង (៣)ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និង (៤) ផ្តល់នូវបដិសណ្ឋារកិច្ចដល់ការធ្វើទស្សនកិច្ចសិក្សា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា​ កម្មសិទ្ធិបញ្ញា ជាឧបករណ៍ចាំបាច់ដែលជួយគាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងភាពការប្រកួតប្រជែងរបស់ប្រទេស តាមរយៈការជំរុញលើកទឹកចិត្តឱ្យមាន ការផ្ទេរបច្ចេកវិទ្យា គាំទ្រដល់ការច្នៃប្រឌិត ជំរុញនវានុវត្តន៍ និងលើកកម្ពស់ផលិតផលក្នុងស្រុក។

​លោកបានបង្ហាញនូវសុទិដ្ឋិនិយមថា អនុស្សរណៈកិច្ចសហប្រតិបត្តិការត្រីភាគីនេះ នឹងរួមចំណែកជួយពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងផ្នែកស្រាវជ្រាវពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងពង្រីកការយល់ដឹងរបស់វិស័យឯកជន នៅប្រទេសកម្ពុជាអំពីកម្មសិទ្ធិបញ្ញាជាពិសេស វិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាក ឱ្យកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត។

​លោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានប្រាប់អ្នកសារព័ត៌មានថា តាមរយៈការអនុស្សារណៈនេះ ភាគីទាំងបីនឹងធ្វើការសិក្សារួមគ្នា ពីការវិចខ្ចប់ និងគុណភាពទំនិញដែលបានចុះបញ្ជីរួច ដូចជាម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងម៉ាកវិយ័តកម្ម ដើម្បី​ធ្វើឱ្យទំនិញទាំងនេះលក់បានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈបច្ចុប្បន្ននេះទំនិញទាំងនោះ ហាក់មិនទាន់ទទួលបានតម្លៃបន្ថែមខ្ពស់នៅឡើយទេ ពោលគឺមិនទាន់បានទាញនូវសក្តានុពល បានច្រើននៅឡើយ ពីការលក់​នៅលើទីផ្សារទាំងជាតិ និងអន្តរជាតិ។
លោកបានលើកឡើងទៀតថា «យើងបានចុះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមួយចំនួន ដូចជាម្រេចកំពត កែប ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្រូចថ្លុងកោះទ្រុង។ ម៉ាកទាំងអស់នេះ បានរៀបចំចុះបញ្ជីរួចរាល់ ប៉ុន្តែការវេចខ្ចប់ ​តម្លៃម៉ាកទាំងអស់នេះ មិនទាន់ដល់កម្រិតមួយអាចទទួលបានតម្លៃបន្ថែម នៅពេលលក់ចេញទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ ដូច្នេះហើយបានជាខាងអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានមកសិក្សា ដើម្បីរៀបចំធ្វើឱ្យម៉ាកដែលយើងមានស្រាប់ ទាំងម៉ាកសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាព និងម៉ាកនិយ័តកម្មឱ្យវាទទួលបាននូវតម្លៃបន្ថែម។»

​លោក KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន​​ លើកឡើងថា ការកសាងម៉ាកផលិតផល និងគំនូរឧស្សហកម្ម មានសារៈសំខាន់ណាស់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយ លោកមានបំណងចង់ឃើញផលិតខ្មែរជាច្រើនបន្ថែមទៀតនៅលើទីផ្សារ ហេតុនេះ តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្ម ប្រទេសជប៉ុន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ដើម្បីជំរុញកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។

លោកសាស្ត្រាចារ្យ ETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការវិវិឌ្ឍន៍នៃវិស័យឌីជីថល និងឥទ្ធិពលរបស់កម្មសិទ្ធិបញ្ញានៅក្នុងការគាំទ្រឱ្យមាននវានុវត្តភាព និងជំរុញធុរកិច្ចនៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ក្នុងនាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា តាមរយៈអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក នឹងធ្វើការសិក្សាស្រាវជ្រាវលើការកងសាងម៉ាក ហើយលទ្ធផលនៃការសិក្សា នឹងត្រូវផ្សព្វផ្សាយទៅដល់វិស័យពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែច្រើនបន្ថែមទៀត៕